
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចេក ស៊ុលលីវ៉ាន (Jake Sullivan) បាននិយាយថា លោក និងសមភាគីអង្គការណាតូរបស់លោក បានព្រមានហុងគ្រីកាលពីថ្ងៃពុធ ប្រឆាំងនឹងការពន្យារពេលបន្ថែមទៀតសមាជិកភាពរបស់ប្រទេសស៊ុយអែត ក្នុងសម្ព័ន្ធភាពយោធា ហើយលោកបានព្រមានថា ការអត់ធ្មត់ក្នុងទីក្រុងវ៉ាស៊ីនតោន មានដែនកំណត់របស់វា។
សមាជិកសភាមកពីគណបក្សរបស់នាយករដ្ឋមន្ត្រីហុងគ្រី វីកទ័រ អ័របាន (Viktor Orbán) បានធ្វើពហិការមិនចូលរួមសម័យប្រជុំសភាបន្ទាន់មួយកាលពីថ្ងៃចន្ទ ដែលការបោះឆ្នោតមួយគ្រោងនឹងដាក់សំណើរបស់ប្រទេសស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការណាតូក្នុងរបៀបវារៈនីតិបញ្ញត្តិ ដោយបន្ថែមការពន្យារពេល រយៈពេល១៨ ខែ ដែលបានធ្វើឲ្យសម្ព័ន្ធមិត្តរបស់ហុងគ្រីខឹងសម្បាយ៉ាងខ្លាំង។
គណបក្ស Fidesz ដែលកំពុងគ្រប់គ្រងអំណាច និងមានសំឡេងភាគច្រើនដាច់ខាត នៅក្នុងសភារបស់ប្រទេសហុងគ្រី បានបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់ស៊ុយអែត ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២២ ដោយចោទប្រកាន់ថា អ្នកនយោបាយស៊ុយអែត បានប្រាប់ដោយ«ការភូតកុហក»អំពីស្ថានភាពប្រជាធិបតេយ្យហុងគ្រី។ គណបក្សនេះ ទទូចថា នាយករដ្ឋមន្ត្រីស៊ុយអែត ត្រូវតែមកប្រទេសហុងគ្រីជាមុនសិន។
លោកស៊ុលលីវ៉ាន បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរបស់មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អង្គការនៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូ ក្នុងទីក្រុងប្រ៊ុចសែលថា៖«យើងបានឮទីប្រឹក្សាសន្តិសុខ បន្ទាប់ពីទីប្រឹក្សាសន្តិសុខនិយាយថា វាដល់ពេលហើយសម្រាប់ស៊ុយអែតក្នុងការចូលអង្គការនេះហើយ និងបាននិយាយដោយផ្ទាល់ទៅកាន់អ្នកតំណាងមកពីប្រទេសហុងគ្រី»។
លោកស៊ុលលីវ៉ាន បាននិយាយថា លោកនិងសហការីរបស់ខ្លួន បានចាប់អារម្មណ៍លើហុងគ្រីថា «វាជាបញ្ហានៃភាពជឿជាក់និងកាតព្វកិច្ចដែលពួកគេចាត់វិធានការចាំបាច់» ដើម្បីបញ្ចប់នីតិវិធីសភា ដើម្បីផ្តល់សច្ចាប័នលើការចូលជាសមាជិករបស់ប្រទេសស៊ុយអែត។