
ជំងឺគ្រុនឈាមបានហក់ឡើងខ្លាំងក្នុងរដូវវស្សាដ៏ក្តៅរបស់ប្រទេសប្រេស៊ីល ដោយបង្ខំឱ្យអាជ្ញាធរសុខាភិបាលចាត់វិធានការបន្ទាន់ និងចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំប្រឆាំងនឹងជំងឺដែលបណ្តាលមកពីមូសខាំនេះ។
ក្រសួងសុខាភិបាលបាននិយាយថា ក្នុងរយៈពេលប្រាំសប្តាហ៍ដំបូងនៃឆ្នាំនេះ ករណីឆ្លងចំនួន ៣៦៤.៨៥៥ករណី ត្រូវបានរាយការណ៍ ដែលមានច្រើនជាងករណីជំងឺគ្រុនឈាមមុនៗចំនួន ៤ ដងក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ក្រសួងបានបន្តថា ការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺគ្រុនឈាមបានបណ្ដាលឲ្យមានការស្លាប់ដែលត្រូវបានបញ្ជាក់ចំនួន ៤០នាក់ ហើយការស្លាប់ ២៦៥នាក់បន្ថែមទៀតកំពុងត្រូវបានស៊ើបអង្កេត។
រដ្ឋចំនួនបីរបស់ប្រេស៊ីលបានប្រកាសអាសន្ន រួមទាំងរដ្ឋដែលមានប្រជាជនច្រើនជាងគេទីពីរគឺរដ្ឋ មីណាស ហ៊្សេរេស (Minas Gerais) និងតំបន់សហព័ន្ធ ជាទីដែលរដ្ឋធានី ប្រាស៊ីលីយ៉ា ស្ថិតនៅ ហើយកំពុងប្រឈមមុខនឹងការកើនឡើងនៃការឆ្លងដែលមិនធ្លាប់មានពីមុនមក។
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា អាមេរិកខាងត្បូងកំពុងមើលឃើញការកើនឡើងនៃករណីជំងឺគ្រុនឈាមក្នុងរដូវក្តៅនៅអឌ្ឍគោលខាងត្បូង ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសីតុណ្ហភាពកើនឡើង និងគំរូអាកាសធាតុ អ៊ែល នីញ៉ូ នៅតំបន់ប៉ាស៊ីហ្វិក ដែលរួមចំណែកធ្វើឱ្យរដូវកាលគ្រុនឈាមដ៏អូសបន្លាយ និងការរីករាលដាលនៃការឆ្លង៕