
ទាហានម៉ារីនអាមេរិកចំនួន ៥ នាក់បានបាត់ខ្លួនកាលពីថ្ងៃពុធ (០៧ កុម្ភៈ) បន្ទាប់ពីបំណែកនៃឧទ្ធម្ភាគចក្ររបស់ពួកគេត្រូវបានរកឃើញនៅតំបន់ដាច់ស្រយាលមួយនៅភាគខាងកើតនៃទីក្រុង សានឌីអេហ្គោ (San Diego) ប៉ុន្មានម៉ោងបន្ទាប់ពីឧទ្ធម្ភាគចក្រនោះបានបាត់ខ្លួនក្នុងភ្លៀងធ្លាក់ខ្លាំង និងព្រិល។
កងម៉ារីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រ CH-53E ត្រូវបានរកឃើញដោយអាជ្ញាធរស៊ីវិលនៅជ្រលង ផាញ វ៉ាឡេយ (Pine Valley) នៅម៉ោងប្រហែល ៩ ព្រឹក ប្រហែលប្រាំបីម៉ោងបន្ទាប់ពីវាត្រូវបានគេរាយការណ៍ថាបាត់ខ្លួននៅពេលដែលខកខានមិនបានទៅដល់ស្ថានីយ៍អាកាសកងម៉ារីន ក្នុងទីក្រុង មីរ៉ាម៉ា (Miramar) រដ្ឋកាលីហ្វ័រនីញ៉ា (California)។
កងម៉ារីនបានបន្ថែមថា យន្តហោះកងម៉ារីនទី៣ រួមជាមួយនាយកដ្ឋានតម្រួតតំបន់ សានឌីអេហ្គោ និងកងល្បាតអាកាសស៊ីវិល កំពុងធ្វើការស្វែងរក និងជួយសង្គ្រោះសមាជិកនាវិកទាំង ៥ នាក់នោះ។
នាយកដ្ឋានតម្រួតតំបន់ សានឌីអេហ្គោ បាននិយាយថាខ្លួនបានទទួលការហៅទូរសព្ទនៅម៉ោង ១យប់ ដោយរាយការណ៍ពីឧទ្ធម្ភាគចក្រដែលបាត់។ នាយកដ្ឋាននោះបាននិយាយនៅក្នុងការប្រកាសនៅលើបណ្ដាញសង្គម X ថាព្រិល និងភ្លៀងលាយបញ្ចូលគ្នាមិនអនុញ្ញាតឱ្យខ្លួនប្រើអង្គភាពឧទ្ធម្ភាគចក្ររបស់ខ្លួនសម្រាប់ការស្វែងរកនោះទេ តែនាយកដ្ឋាននេះបានបញ្ជូនយានរុករកគ្រប់ទិសទី ដើម្បីអង្កេតតំបន់នោះជំនួសវិញ៕