
ក្រសួងការបរទេសម៉ិកស៊ិក បាននិយាយថា ប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការរួមគ្នាដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខ នៅតាមព្រំដែន ។ ក្រសួង បាននិយាយនៅក្នុងការប្រកាសព័ត៌មានថា ដើម្បីបញ្ចប់បញ្ហានេះ ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ដ្រេស ម៉ាញូអ៊ែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) បានជួបជាមួយទីប្រឹក្សាសន្តិសុខមាតុភូមិរបស់សេតវិមាន លោកស្រី អ៊ីលីហ្សាបេត ស្ស័រវូត រ៉ានដាល (Elizabeth Sherwood-Randall) នៅវិមានជាតិក្នុងទីក្រុង Mexico City ។
នៅក្នុងជំនួបនេះ ប្រធានាធិបតីម៉ិកស៊ិក បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលោក ក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិកឆ្ពោះទៅរកការគ្រប់គ្រងការធ្វើអន្តោប្រវេសន៍ដោយសណ្តាប់ធ្នាប់ និងសុវត្ថិភាព ជាមួយ «ទស្សនវិស័យក្នុងតំបន់ ដោយការដោះស្រាយមូលហេតុឫសគល់ និងមានការគោរពពេញលេញជានិច្ច ចំពោះដែនអធិបតេយ្យភាពរបស់ប្រទេសទាំងពីរ និងគោលនយោបាយនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការ។
បន្ទាប់ពីជំនួបនោះ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោកស្រី អាលីសៀ បាសេណា(Alicia Barcena) បានពិភាក្សាបញ្ហាទ្វេភាគីជាមួយភាគីអាមេរិក។ រដ្ឋមន្ត្រីទាំងពី បានពិនិត្យឡើងវិញវឌ្ឍនភាពនៃយុទ្ធសាស្ត្ររួម លើបញ្ហាអន្តោប្រវេសន៍ និងបានពិភាក្សាអំពីវិធានការដើម្បីដោះស្រាយការរាលដាលអាភៀន នៅសហរដ្ឋអាមេរិក និងការជួញដូរអាវុធពីសហរដ្ឋអាមេរិក ចូលទៅកាន់ប្រទេសម៉ិកស៊ិក។
ភាគីទាំងពីរបានព្រមព្រៀងគ្នាថា ការផ្លាស់ប្តូរព័ត៌មាន និងការប្រើប្រាស់កម្មវិធីតាមដាន នឹងមានសារៈសំខាន់ក្នុងការបញ្ឈប់ការចូលអាវុធ និងសារធាតុគីមី និងសារធាតុហ្វង់តានីលខុសច្បាប់ នៅព្រំដែនរួមគ្នា។