
កងកម្លាំងប្រដាប់អាវុធជាតិបូលីវី (FANB) បាននិយាយថា ជំរំរុករករ៉ែបណ្តោះអាសន្នចំនួន៦កន្លែងដែលត្រូវបានបង្កើតឡើងដោយអ្នករុករករ៉ែខុសច្បាប់ និងទីតាំងខុសច្បាប់ផ្សេងៗទៀត ត្រូវបានបំផ្លាញនៅក្នុងរដ្ឋ Amazonas ភាគខាងត្បូងប្រទេសវេណេស៊ុយអេឡា ក្នុងប្រតិបត្តិការមួយ ដើម្បីការពារបរិស្ថានក្នុងតំបន់។
មេបញ្ជាការប្រតិបត្តិការយុទ្ធសាស្ត្ររបស់កងទ័ព លោក ដូមីនហ្គោ ហឺណង់ដេស ឡារ៉េស (Domingo Hernandez Larez) បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា ប្រធានាធិបតី លោក Nicolas Maduro បានចាប់ផ្តើមប្រតិបត្តិការ «Neblina ២០២៤» សម្រាប់ការការពារតំបន់អាម៉ាហ្សូន ហើយទីតាំងជាច្រើនកន្លែងដែលត្រូវបានបំផ្លាញ ត្រូវបានប្រើប្រាស់ ដើម្បីប្រមាញ់ និងបំពុលបរិស្ថាន។
លោក និយាយថា ក្រៅពីជំរំរុករករ៉ែ កងទ័ពក៏បានបំផ្លាញក្បូនបណ្តែតទឹកខុសច្បាប់ចំនួន៨ ដែលត្រូវបានប្រើប្រាស់ដោយក្រុមឧក្រិដ្ឋជន នៅតាមបណ្តោយច្រាំងទន្លេ គុននូគុននូម៉ា(Cunucunuma) ក្នុងឧទ្យានជាតិ ឌូដា-ម៉ារ៉ាហួកា(Duida-Marahuaca)។ មន្ត្រី និយាយថា រដ្ឋាភិបាលប្រទេសវេណេស៊ុយអេឡា នឹងមិនអត់ឱនចំពោះការកើតមានក្រុមខុសច្បាប់នៅក្នុងទឹកដីប្រទេសវេណេហ្ស៊ុយអេឡាឡើយ រួមមានការធ្វើឲ្យខូចបរិស្ថាន និងការបំពានបរិស្ថាន។