
ភ្លើងឆេះព្រៃនៅប្រទេសឈីលី បណ្តាលឲ្យមនុស្សយ៉ាងហោច ១៣០នាក់ បាត់បង់អាយុជីវិតក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈដែលមនុស្សរាប់រយនាក់ផ្សេងទៀត បន្តបាត់ខ្លួន ។
អ្នករស់រានពីភ្លើងឆេះព្រៃមានទុក្ខដោយសារការបាត់បង់សមាជិកគ្រួសាររបស់ពួកគេ និងសង្រ្គោះអ្វីដែលនៅសេសសល់ពីភ្លើងឆេះព្រៃ ។
អ្នកស្រី Marcela Bassaez ទទួលបានការបរិច្ចាកពួកសម្រាប់អ្នកស្រីសម្រាកនៅក្នុងទ្រុងមាន់ ក្រោយពេលដែលផ្ទះរបស់អ្នកស្រីរងការបំផ្លិចបំផ្លាញគ្មានសល់ដោយសារភ្លើងឆេះព្រៃ ។
អ្នកស្រីនិយាយថា អ្នកស្រីគ្មានសេសសល់អ្វីទៀតឡើយ ។ នេះគឺជាអ្វីសេសសល់ពីការលះបង់របស់ខ្ញុំ ។ ខ្ញុំសង្ឃឹមថានឹងទទួលបានជំនួយ ដើម្បីសាងសង់ផ្ទះឡើងវិញ ដើម្បីឲ្យខ្ញុំអាចសម្រាកនៅពេលយប់បាន ។ ក្មេងៗមកពីទីក្រុង Santiago បានទុកពួកមួយនេះ ដល់ខ្ញុំគ្រាន់បានសម្រាក ។
ចំណែកឯអ្នកស្រី Irma Dominguez ដែលជាអ្នករស់រានម្នាក់ផ្សេងទៀតពីភ្លើងឆេះព្រៃ និយាយថា នេះគឺជាផ្ទះកូនប្រុសរបស់ខ្ញុំ ។ កូនប្រុសរបស់ខ្ញុំបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារតែគាត់រងរបួស ពេលព្យាយាមជួយសង្រ្គោះឪពុករបស់គាត់ពីអណ្តាតភ្លើង ។ អកុសល គាត់មិនអាចជួយបានឡើយ ឪពុករបស់គាត់បានស្លាប់នៅក្នុងផ្ទះ ។ វាពិតជារឿងគួរឲ្យអាណោចអាធមខ្លាំងណាស់ ។
អ្នកស្រីបន្តថា ពួកយើងគ្មានជំនួយនោះទេ គ្មានអ្វីសោះតែម្តង ។ គ្មាននរណាម្នាក់ ជួយពួកយើង ភ្នាក់ងារពន្លត់អគ្គិភ័យពុំបានមកនោះទេ ពួកយើងគ្មានអ្វីសោះ ។ វាគឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត ។
ក្រៅពីការបាត់បង់ទ្រព្យសម្បត្តិ និងមនុស្សជាទីស្រលាញ់ អ្នករស់រានពីភ្លើងឆេះព្រៃ ត្រូវប្រុងប្រយ័ត្នរឿងមួយទៀត គឺករណីចោរលួច ។
គ្រួសាររាប់ពាន់នាក់ នៅស្វែងរកមនុស្សជាទីស្រលាញ់របស់ពួកគេ ពេលដែលមានសាកសពតិចតួចប៉ុណ្ណោះ បានកំណត់អត្តសញ្ញាណ ហើយមនុស្សរាប់រយនាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
សូមបញ្ជាក់ថា ភ្លើងឆេះព្រៃនេះ គឺជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតវាយប្រហារប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ចាប់តាំងពីការរញ្ជួយដី និងរលកស៊ូណាមិ កាលពីឆ្នាំ ២០១០ ដែលបណ្តាលឲ្យមនុស្សជាង ៥០០នាក់ បាត់បង់អាយុជីវិត ៕