
បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកសិទ្ធិមនុស្សរបស់កូរ៉េខាងជើងកាលពីថ្ងៃពុធ បានអំពាវនាវដល់ទីក្រុងព្យុងយ៉ាងឲ្យចាប់ផ្តើមដំណើរការ «កំណែទម្រង់» ដើម្បីបង្កើនស្ថានភាពសិទ្ធិរបស់ខ្លួន ដោយសង្កត់ធ្ងន់លើការលើកកម្ពស់ការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស នៅក្នុងរដ្ឋផ្តាច់មុខ នៅតែជា«អាទិភាពចម្បង»សម្រាប់ទីក្រុងវ៉ាស៊ីនតោន។
លោកស្រីឯកអគ្គរដ្ឋទូត Julie Turner បានធ្វើការអធិប្បាយនេះ ខណៈដែលលោកស្រី បានប្រារព្ធខួបលើកទី១០នៃការចេញផ្សាយរបាយការណ៍របស់គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ (COI) ដែលបានចោទប្រកាន់មន្ត្រីកូរ៉េខាងជើងពីការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ រីករាលដាល និងធ្ងន់ធ្ងរ និងបានផ្តល់អនុសាសន៍ពាក់ព័ន្ធមួយចំនួន។
លោកស្រី បានថ្លែងនៅក្នុងសារជាវីដេអូដែលចេញផ្សាយដោយគណៈកម្មាធិការសិទ្ធិមនុស្សនៅប្រទេសកូរ៉េខាងជើងថា៖«ថ្ងៃនេះ ១០ឆ្នាំក្រោយ ខ្ញុំជំរុញសហគមន៍អន្តរជាតិឲ្យពិចារណាលើអនុសាសន៍ទាំងនោះ ហើយពិចារណាពីអ្វីដែលអាចធ្វើបានបន្ថែមទៀត ដើម្បីនាំពួកគេឆ្ពោះទៅមុខ»។
លោកស្រី បានបន្ថែមថា៖ «យើងអំពាវនាវឲ្យកូរ៉េខាងជើងផ្តួចផ្តើមដំណើរការកំណែទម្រង់ ដើម្បីអនុវត្តអនុសាសន៍នៃរបាយការណ៍របស់អង្គការសហប្រជាជាតិឆ្នាំ ២០១៤ និងគោរពសិទ្ធិមនុស្ស» ដោយសំដៅទៅលើកូរ៉េខាងជើងតាមឈ្មោះផ្លូវការរបស់ខ្លួនថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។