
តម្លៃប្រេងបានបន្តហក់ឡើង នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែកុម្ភៈ) នេះ បន្ទាប់ពីអ៊ីស្រាអែលបានច្រានចោលការស្នើបទឈប់បាញ់ពីក្រុមហាម៉ាស ខណៈដែលការធ្លាក់ចុះនៃប្រាក់ដុល្លារ ក៏បានជួយគាំទ្រដល់ការឡើងថ្លៃនេះផងដែរ។
នៅថ្ងៃព្រហស្បតិ៍នេះ ត្រឹមម៉ោង ៤ ម៉ោងសកល ឃើញថា ហ៊ុនប្រេងឆៅម៉ាក Brent បានឡើង ៣០សេន ឬ ០,៤ភាគរយ ពោលគឺមានតម្លៃ ៧៩,៥១ដុល្លារក្នុងមួយបារ៉ែល។ ចំណែកហ៊ុនប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានឡើង ២៦សេន ឬ ០,៤ភាគរយ ពោលគឺឡើងដល់ ៧៤,១២ដុល្លារក្នុងមួយបារ៉ែល។
ចាប់តាំងពីខែតុលាមក ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាដែលកាន់តែរីកធំឡើងៗនោះ បានបន្តធ្វើឲ្យទីផ្សារស្ថិតក្នុងហានិភ័យ ក្នុងខណៈដែលពេលនេះកិច្ចពិភាក្សាដើម្បីបញ្ចប់ជម្លោះ នៅតំបន់ហ្កាហ្សា ក៏បង្ហាញនូវសញ្ញារីកចម្រើនតិចតួច។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលសំណើចុងក្រោយរបស់ក្រុមហាម៉ាស សម្រាប់បទឈប់បាញ់ និងការដោះដូរចំណាប់ថ្នូដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សាស្ទ្រីប ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា ឱកាសនៅតែមានសម្រាប់ការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ។
ពាក់ព័ន្ធនឹងតម្លៃប្រេងដែលហក់ឡើង ឃើញថា តម្លៃប្រាក់ដុល្លារធ្លាក់ចុះ ក៏បានជួយគាំទ្រដល់ការឡើងថ្លៃនាថ្ងៃព្រហស្បតិ៍នេះផងដែរ ព្រោះរូបិយប័ណ្ណនេះធ្វើឲ្យតម្លៃប្រេងឆៅមិនសូវបានថ្លៃ សម្រាប់ពាណិជ្ជករដែលប្រើប្រាស់រូបិយប័ណ្ណផ្សេងទៀត។ សន្ទស្សន៍ប្រាក់ដុល្លារដែលជារង្វាស់សម្រាប់តម្លៃរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ បានធ្លាក់ចុះដល់កម្រិត ១០៣,៩៩ នៅត្រឹមម៉ោង ៤ ម៉ោងសកល៕