
លោក Osama Hamdan គឺជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស់ និយាយប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា គណៈប្រតិភូមួយក្រុមរបស់ជីវពលហាម៉ាស់ ដឹកនាំដោយមន្រ្តីជាន់ខ្ពស់ហាម៉ាស់លោក Khalil Al-Hayya ធ្វើដំណើរទៅកាន់ទីក្រុងគែរនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបន្តកិច្ចប្រជុំលើបទឈប់បាញ់ជាមួយក្រុមអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា ។
នៅពេលមុននេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានច្រានចោលសំណើរចុងក្រោយរបស់ក្រុមហាម៉ាស់ សម្រាប់បទឈប់បាញ់រយៈពេល ៤ខែកន្លះ នៅតំបន់ហ្គាហ្សា អំឡុងពេលដែលចំណាប់ថ្នូរទាំងអស់ នឹងត្រូវដោះលែង អ៊ីស្រាអែលត្រូវដកទាហានរបស់ខ្លួនចេញពីដែនដីបិទច្រកមួយនេះ ហើយកិច្ចព្រមព្រៀងនឹងត្រូវឈានដល់ ដើម្បីបញ្ចប់សង្រ្គាម ។
លោក Netanyahu បានប្រាប់សន្និសីទទូរទស្សន៍ថា លោកបានបញ្ជាកងទ័ពឲ្យត្រៀមប្រតិបត្តិការនៅក្នុងទីក្រុងភាគខាងត្បូង Rafah ហើយថា ជ័យជម្នះទាំងស្រុងរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស គឺនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ។
ការផ្តល់ជូនរបស់ក្រុមហាម៉ាស់ គឺជាការឆ្លើយតបនឹងសំណើរដាក់ជូនដោយប្រធានចារកម្មសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយនិងផ្តល់ជូនក្រុមហាម៉ាស់កាលពីសប្តាហ៍មុន ដោយក្រុមអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប ។
នៅក្នុងសេចក្តីអត្ថាធិប្បាយរបស់លោកទៅកាន់សារព័ត៌មាននៅទីក្រុង Beirut ប្រទេសលីបង់ លោក Hamdan បានអំពាវនាវឲ្យក្រុមប្រដាប់អាវុធប៉ាឡេស្ទីន បន្តធ្វើសង្រ្គាម ហើយលោកនិយាយថា ការទទួចរបស់លោក Netanyahu ឲ្យបន្តសង្រ្គាមបានបញ្ជាក់យ៉ាងច្បាស់ពីគោលបំណងនៃការឈ្លានពានលើតំបន់ហ្គាហ្សាថាជាការប្រល័យពូជសាសន៍លើជនប៉ាឡេស្ទីន ៕