
អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Andrei Rudenko កាលពីថ្ងៃពុធ បានច្រានចោលនូវលទ្ធភាពនៃការបន្តកិច្ចពិភាក្សាសន្ធិសញ្ញាសន្តិភាព ជាមួយទីក្រុងតូក្យូ ក្រោមស្ថានភាពបច្ចុប្បន្ន។
លោក Rudenko ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ដោយនិយាយថា នៅក្នុងស្ថានភាពបច្ចុប្បន្ន ការវិលត្រលប់ទៅរកការសន្ទនាលើបញ្ហានៃសន្ធិសញ្ញាដែលបានរៀបរាប់ខាងលើ គឺមិនអាចធ្វើទៅបានដាច់ខាត។
លោក Rudenko បាននិយាយថា គោលនយោបាយមើលឃើញជិត របស់រដ្ឋាភិបាលជប៉ុន បាននាំឲ្យទំនាក់ទំនងទ្វេភាគីធ្លាក់ដល់កម្រិតទាបក្រោយសង្គ្រាម ហើយទីក្រុងតូក្យូត្រូវតែបោះបង់ចោលអរិភាពរបស់ខ្លួនចំពោះរុស្ស៊ី និងមានវិធានការជាក់ស្តែងដើម្បីធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនង ជំនួសឱ្យការបញ្ជូនសញ្ញាមិនច្បាស់លាស់។
បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប្រទេសជប៉ុនបានចាប់ផ្តើមអនុវត្តទិសដៅអរិភាពចំពោះរុស្ស៊ីដោយបើកចំហ ដោយលើកឡើងពីការដាក់ទណ្ឌកម្មរបស់ប្រទេសជប៉ុនលើរុស្ស៊ី ការឃោសនាប្រឆាំងរុស្ស៊ីនៅលើវេទិកាអន្តរជាតិនិងតំបន់ និងជំនួយរបស់ប្រទេសជប៉ុនដល់អ៊ុយក្រែន។