ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ និងសេចក្ដីណែនាំស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។
ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំឱ្យក្រុមការងារនិងសមាជិកសមាជិកាទាំងអស់រួមគ្នាជាធ្លុងមួយ សហការរវាងគ្នានិងគ្នាដោយប្រកាន់ភ្ជាប់នូវតួនាទី ភារកិច្ច និងរបៀបរបបការងារ ដែលបានដាក់ចេញដោយក្រុមការងាររាជរដ្ឋាភិបាល អនុវត្តឱ្យមានប្រសិទ្ធភាព ដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតួនាទីមួយក្នុងចំណោម តួនាទីផ្សេងទៀតដែលដាក់ចេញដោយរដ្ឋាភិបាលនោះគឺ ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ការដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ គឺស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់កន្លងមករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងស្របតាមការណែនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចាត់ទុកការផ្ដល់សេវាសាធារណៈជាតួនាទីភារកិច្ចសំខាន់ដែលត្រូវ ធ្វើបានឱ្យលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាពជូនប្រជាពលរដ្ឋ។
បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ឱ្យក្រុមការងារចុះខណ្ឌទាំង១៤ ត្រូវរួមសហការគ្នាឱ្យបានជិតស្និទ្ធ អនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ រៀបចំវេទិកាសាធារណៈឱ្យបានទៀតទាត់ ដើម្បីស្ដាប់កង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ។ ក្នុងនោះ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តបន្តទៀតនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ផ្តាំផ្ញើចំពោះក្រុមការងារនិងសមាជិកសមាជិកាទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយសមិទ្ធផល និងផែនការនានារបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យទៅដល់ប្រជាពលរដ្ឋ មានជាអាទិ៍កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រនិងងាយរងគ្រោះ ចំនួន ១,៥លាននាក់ គម្រោងហេដ្ឋារចនាសម្ព័ន្ធ វឌ្ឍនភាពរីកចម្រើន ដើម្បីបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេស ដើម្បីទទួលវិនិយោគិនដែលមានបំណងចូលមកបណ្ដាក់ទុកនៅកម្ពុជា៕ ដោយ ៖ ឧត្ដម







