
ប្រទេសអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា ខ្លួននឹងបន្តការដោះដូរពាណិជ្ជកម្មដោយមិនជាប់ពន្ធជាមួយអ៊ុយក្រែនលើទំនិញស្ទើរទាំងអស់ រហូតដល់ឆ្នាំ២០២៩ ដោយបន្តផ្ដល់លក្ខខណ្ឌពាណិជ្ជកម្មអំណោយផលដល់ទីក្រុងគីវ បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី។
ចក្រភពអង់គ្លេស បានដកពន្ធលើពាណិជ្ជកម្មទាំងអស់របស់ខ្លួនជាមួយអ៊ុយក្រែន បន្ទាប់ពីសង្គ្រាមជាមួយរុស្ស៊ី បានចាប់ផ្តើមកាលពី ២ឆ្នាំមុន ហើយកាលពីមុន ប្រទេសទាំង២ បានយល់ព្រមថា ការរៀបចំនេះ នឹងមានរយៈពេលរហូតដល់ខែមីនា ឆ្នាំ២០២៤។
ក្រសួងពាណិជ្ជកម្ម និងធុរកិច្ចរបស់ចក្រភពអង់គ្លេស បាននិយាយថា ពាណិជ្ជកម្មរួចពន្ធ នឹងត្រូវបានបន្តលើទំនិញទាំងអស់ សម្រាប់រយៈពេល ៥ឆ្នាំ លើកលែងតែស៊ុត និងបសុបក្សី ដែលនឹងបន្តរយៈពេល ២ឆ្នាំ ហើយក្រុមហ៊ុនអង់គ្លេសក៏នឹងទទួលបានអត្ថប្រយោជន៍ពីការលុបពន្ធ សម្រាប់ការនាំចេញទៅកាន់អ៊ុយក្រែននេះផងដែរ។
អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Greg Hands បាននិយាយថា៖«កិច្ចព្រមព្រៀងនេះ ផ្តល់នូវការគាំទ្រផ្នែកសេដ្ឋកិច្ចរយៈពេលវែងដែលត្រូវការជាចាំបាច់ ចំពោះអ៊ុយក្រែន អាជីវកម្ម និងប្រជាជនរបស់ប្រទេសនេះ ដែលមានសារៈសំខាន់ចំពោះការងើបឡើងវិញរបស់ខ្លួន»។ លោកបានបន្ថែមថា ការគាំទ្ររបស់ចក្រភពអង់គ្លេស នឹងបន្តរហូតតាមដែលត្រូវការ។
សូមបញ្ជាក់ថា ចក្រភពអង់គ្លេសបានគាំទ្រកិច្ចប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន តាមរយៈការផ្តល់អាវុធ និងជំនួយ ព្រមទាំងលក្ខខណ្ឌពាណិជ្ជកម្មអំណោយផល ក្នុងនោះរួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលថ្មីផងដែរ៕