
ក្រសួងរតនាគារសហរដ្ឋអាមេរិកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី៨ ខែកុម្ភៈ) បានសម្រេចដាក់ទណ្ឌកម្មលើក្រុមឧក្រិដ្ឋជនអេក្វាឌ័រ Los Choneros និងមេដឹកនាំរបស់ក្រុមនេះ។
ប្រធានាធិបតីអេក្វាឌ័រលោក Daniel Noboa បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ៦០ថ្ងៃ ហើយបានចាប់ផ្តើមប្រតិបត្តិការយោធាបង្ក្រាបលើក្រុមអន្ធពាល ដើម្បីឆ្លើយតបទៅនឹងការកើនឡើងអំពើហិង្សាធ្ងន់ធ្ងរបំផុត នៅក្នុងប្រទេស កាលពីខែមុន។
អាជ្ញាធរបានភ្ជាប់ទំនាក់ទំនងរបស់ក្រុម Los Choneros ទៅនឹងការជំរិតទារប្រាក់ អំពើឃាតកម្ម និងការជួញដូរគ្រឿងញៀន ហើយចោទប្រកាន់ក្រុមនេះថា បានគ្រប់គ្រងពន្ធនាគារដែលញាំញីដោយអំពើឧក្រិដ្ឋកម្ម និងមានអ្នកទោសកកកុញរបស់ប្រទេសអេក្វាឌ័រ។
វិធានការរបស់សហរដ្ឋអាមេរិក គឺការបង្កកទ្រព្យសម្បត្តិណាមួយរបស់ក្រុមនេះ នៅសហរដ្ឋអាមេរិក និងមេដឹកនាំរបស់ក្រុម ហើយសំខាន់បំផុតនោះ ដាក់បម្រាមដល់ជនជាតិអាមេរិកមិនឲ្យមានការដោះស្រាយជាមួយក្រុមនេះ ទោះបីជាវាមិនទាន់ច្បាស់ថា ទ្រព្យសម្បត្តិរបស់ក្រុមនោះមានប៉ុន្មានក៏ដោយ៕