កំពង់ផែអាល់បានី ដែលធ្លាប់ជាកន្លែងឈរជើងរបស់ទាហានជើងទឹកប្រទេសមួយនេះ នឹងទទួលយកជនអន្តោប្រវេសន៍មកពីអាហ្វ្រិក អាស៊ី និងតំបន់មជ្ឈិមបូព៌ា ដែលត្រូវបញ្ជូនចេញពីប្រទេសអ៊ីតាលី និងជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្ស ។
កិច្ចព្រមព្រៀងដែលត្រូវបានគេរំពឹងថានឹងផ្តល់សច្ចាប័នដោយសភាអាល់បានីនៅថ្ងៃព្រហស្បតិ៍នេះ នឹងអនុញ្ញាតឲ្យអ៊ីតាលីសាងសង់មជ្ឈមណ្ឌលដំណើរការជនអន្តោប្រវេសន៍លើទឹកដីប្រទេសនៅភាគខាងលិចតំបន់បាល់កង់មួយនេះ ដែលស្ថិតនៅក្នុងចំណោមប្រទេសក្រីក្របំផុត និងអភិវឌ្ឍន៍តិចតួចបំផុតរបស់អឺរ៉ុប ។
វាគឺជាឧទាហរណ៍ដំបូងគេនៃប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុប ព្រមទទួលយកជនអន្តោប្រវេសន៍តាងនាមឲ្យប្រទេសសហភាពអឺរ៉ុប ហើយវាគឹជាផ្នែកមួយនៃយទ្ធនាការទ្រង់ទ្រាយធំរបស់សហភាពអឺរ៉ុប ក្នុងការទប់ទល់ជាមួយនឹងការធ្វើអន្តោប្រវេសន៍ខុសប្រក្រតី ដែលជំរុញឱ្យមានការកើនឡើងនៃប្រជាប្រិយភាពរបស់ក្រុមនិយមស្តាំ ។
ជនអន្តោប្រវេសន៍ដែលធ្វើដំណើរមកដល់អ៊ីតាលី នឹងត្រូវបញ្ជូនតាមទូកទៅកាន់អតីតកំពង់ផែកងទ័ពជើងទឹក Shengjin ដែលបច្ចុប្បន្នគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្ថិតនៅតាមបណ្តោយឆ្នេរខ្សាច់ដ៏ស្រស់ស្អាត នៅភាគខាងជើងប្រទេសអាល់បានី ។
លោក Mhill Marku គឺជាអតីតមន្រ្តីយោធាអាល់បានីនៅកំពង់ផែ Shengjin ដែលកូន ៤នាក់របស់លោករស់នៅអ៊ីតាលី និយាយថា លោកស្វាគមន៍កិច្ចព្រមព្រៀងមួយនេះ ដោយសារលោកយល់ឃើញថា វាគឺជាកាតព្វកិច្ចរបស់ពួកយើង ពីព្រោះកូនៗរបស់លោកត្រូវបានចិញ្ចឹមនៅប្រទេសអ៊ីតាលី ៕