
យោងតាមការព្យាករណ៍ បានឲ្យដឹងថា ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី បានរងផលប៉ះពាល់ខ្លាំងដោយសារព្យុះទឹកកក ហើយគេរំពឹងទុកថា វានឹងបំបែកកំណត់ត្រារយៈពេល ២៥ឆ្នាំនៃការធ្លាក់ព្រិលខ្លាំងបំផុតនៅថ្ងៃព្រហស្បតិ៍នេះ ។
ស្ថានភាពចរាចរណ៍នៅតែស្មុគ្រស្មាញ ដោយសារតែរយៈចម្ងាយមើលឃើញមានដែនកំណត់ ។
ក្រុមអាជ្ញាធរក្រុង បានណែនាំឲ្យអ្នកបើកបរប្តូរពីធ្វើដំណើរតាមយានជំនិះផ្ទាល់ខ្លួន មកធ្វើដំណើរតាមយានជំនិះរដ្ឋវិញ ហើយពួកគេសន្យាថា នឹងប្រឹងអស់ពីសតម្ថភាព ដើម្បីបោសសម្អាតព្រិលតាមដងផ្លូវ ។
ក្រុមឧតុនិយម និយាយថា ការធ្លាក់យ៉ាងក្រាស់នេះ បណ្តាលមកពីព្យុះស៊ីក្លូន Olga ដែលធ្វើឲ្យប៉ះពាល់ដល់តំបន់ជាច្រើនរបស់រុស្ស៊ី ហើយនិងតំបន់ជាច្រើនទៀតទាំងនៅអឺរ៉ុប និងអាស៊ី ។
ស្ថានភាពធ្លាក់ព្រិលខ្លាំងនេះដែរ បានកើតមាននៅក្នុងប្រទេសចិន អំឡុងរដូវបុណ្យចូលឆ្នាំចិន ។ កាលពីថ្ងៃពុធម្សិលមិញ អ្នកដំណើររាប់ម៉ឺននាក់ បានសម្រុកចូលស្ថានីយ៍រថភ្លើងក្រុងសៀងហៃ ដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំបងប្អូន-គ្រួសាររបស់ពួកគេ ស្របពេលដែលព្រិលធ្លាក់ខ្លាំង បានធ្វើឲ្យអាក់ខានដល់ការធ្វើដំណើរ ។
ខេត្ត Hubei និងខេត្ត Henan របស់ចិន បានរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារស្ថានភាពធ្លាក់ព្រិលធ្ងន់ធ្ងរដែលកាន់តែអាក្រក់ទៅកាលពីចុងសប្តាហ៍កន្លងទៅ ធ្វើឲ្យយឺតយ៉ាវដល់ការធ្វើចរាចរណ៍នៅតាមផ្លូវហាយវ៉េ និងលុបចោលសេវាកម្មរថភ្លើងរាប់រយខ្សែ និងពន្យាពេលជើងហោះហើររាប់សិបវ៉ុល ៕