
អ្នកការទូតអាមេរិកម្នាក់ បាននិយាយថា រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនយ៉ាងហោចណាស់៩ដងជាមួយនឹងមីស៊ីលបាលិស្ទិកដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើង ដោយលើកឡើងពីការព្រួយបារម្ភចំពោះកិច្ចសហប្រតិបត្តិការយោធាដែលកំពុងកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។
ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Robert Wood បានធ្វើការអះអាងបែបនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ។
លោក Wood បាននិយាយថា៖«រហូតមកដល់ពេលនេះ រុស្ស៊ីបានបាញ់បង្ហោះមីស៊ីលបាលិស្ទិក ដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើងប្រឆាំងនឹងអ៊ុយក្រែនយ៉ាងហោចណាស់ ៩លើក។
សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺជាឈ្មោះផ្លូវការរបស់កូរ៉េខាងជើង។
លោកបានថ្លែងថា៖«រុស្ស៊ី និងកូរ៉េខាងជើង ត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ ដែលធ្វើឲ្យប៉ះពាល់កាតព្វកិច្ចយូរអង្វែង ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត បាននិយាយថា កូរ៉េខាងជើងកំពុងផ្គត់ផ្គង់កាំភ្លើងធំ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតដល់ប្រទេសរុស្ស៊ីសម្រាប់ការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែន ខណៈដែលទីក្រុងព្យុងយ៉ាង ត្រូវបានគេជឿថា កំពុងទទួលបានបច្ចេកវិទ្យាទំនើបសម្រាប់កម្មវិធីអវកាស និងមីស៊ីលរបស់ខ្លួនជាថ្នូរនោះ។