
ក្រុមចំណាប់ថ្នូរដែលត្រូវបានដោះលែងពីការចាប់ខ្លួននៅតំបន់ហ្គាហ្សា បានធ្វើសន្និសីទសារព័ត៌មាននៅទីក្រុង Tel Aviv ដើម្បីទាមទារការវិលត្រឡប់មកវិញរបស់ចំណាប់ថ្នូរដែលត្រូវបានចាប់យកទៅដោយក្រុមហាម៉ាស់ ។
នាង Adina Moshe ដែលជាចំណាប់ថ្នូរមានសេរីភាព បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ខ្ញុំសូមប្រាប់លោក Netanyahu ថា អ្វីៗគ្រប់បែបយ៉ាងទាំងអស់គឺស្ថិតក្នុងកណ្តាប់ដៃរបស់អ្នក អ្នកគឺជាមនុស្សម្នាក់ ដែលអាចធ្វើបាន ខ្ញុំខ្លាចតែ បើសិនជាអ្នកនៅតែបន្តដើរលើផ្លូវនេះ កម្ទេចក្រុមហាម៉ាស់ឲ្យសាបសូន្យ ច្បាស់ណាស់ថា នឹងគ្មានការដោះលែងចំណាប់ថ្នូរបន្ថែមទៀតនោះឡើយ ។
កាលពីថ្ងៃពុធម្សិលមិញ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានច្រានចោលការផ្តល់ជូនចុងក្រោយរបស់ក្រុមហាម៉ាស់ សម្រាប់បទឈប់បាញ់ និងការប្រគល់មកវិញចំណាប់ថ្នូរដែលចាប់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និយាយថា មាននូវឱកាសសម្រាប់កិច្ចចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀង ។
លោក Blinken បាននិយាយនៅក្នុងទីក្រុង Tel Aviv ប៉ុន្មានម៉ោងបន្ទាប់ពីបានជួបលោក Netanyahu ថា លោកនៅតែមើលឃើញឱកាសសម្រាប់កិច្ចព្រមព្រៀងដែលត្រូវសម្រេចបាន ហើយលោកបានព្រមានមេដឹកនាំអ៊ីស្រាអែលចំពោះសកម្មភាព និងកិច្ចពិភាក្សាដែលធ្វើឲ្យមានភាពតានតឹង ។
សូមបញ្ជាក់ថា ការប្រយុទ្ធគ្នានៅក្នុងតំបន់រងការឡោមព័ទ្ធប៉ាឡេស្ទីនកាន់តែមានភាពតានតឹងកាលពីខែមុន ដោយរថក្រោះអ៊ីស្រាអែលបានរុលទៅមុខរយៈពេលពីរសប្តាហ៍នៅទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សា ដែលអ៊ីស្រាអែលនិយាយថា ខ្លួនបានកម្ចាត់ក្រុមសកម្មប្រយុទ្ធ ហើយយុទ្ធជនហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល ដែលកងកម្លាំងមួយនេះ បានរងការខាតបង់ដ៏ធ្ងន់ធ្ងរបំផុតរបស់ពួកគេ ៕