
ប្រធានគណៈកម្មការអឺរ៉ុប និងនាយករដ្ឋមន្ត្រីអេស្ប៉ាញ នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ូរីតានី នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែកុម្ភៈ) នេះ ដែលជាកិច្ចប្រឹងប្រែងជួយដល់ប្រទេសអាហ្វ្រិកខាងលិចមួយនេះទប់ស្កាត់ការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់ទៅកាន់តំបន់អឺរ៉ុប ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការកើនឡើងនៃការធ្វើដំណើរចាកចេញនេះ។
មន្ត្រីសហភាពអឺរ៉ុប (EU) បាននិយាយដោយមិនបានបញ្ជាក់លម្អិតថា លោកស្រី Ursula von der Leyen និងលោក Pedro Sanchez ត្រូវបានគេរំពឹងថា នឹងសន្យាផ្តល់ជំនួយចំនួន ២០០លានអឺរ៉ូ (២១៥លានដុល្លារ) នៅពេលមេដឹកនាំទាង២ ជួបជាមួយប្រធានាធិបតី លោក Mohamed Ould Ghazouani នៅរដ្ឋធានី Nouakchott (ណួកសុត)។
ទេសន្តរប្រវេសន៍នឹងក្លាយជាប្រធានបទសំខាន់ ដែលក្ដោបលើការជជែកដេញដោល នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប នាខែមិថុនាខាងមុខនេះ ចំពេលមានការកើនឡើងនូវវោហាសាស្ត្រប្រឆាំងអន្តោប្រវេសន៍ពីបណ្ដាគណបក្សស្តាំនិយម។ ប្រភពរដ្ឋាភិបាលអេស្ប៉ាញបានប្រាប់អ្នកសារព័ត៌មានថា សារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ប្រទេសម៉ូរីតានី កំពុងត្រូវបានពង្រឹង ចំពេលមានការកើនឡើងនៃសម្ពាធការធ្វើអន្តោប្រវេសន៍ និងការកើនឡើងនូវអស្ថិរភាព នៅក្នុងតំបន់ Sahel ហើយអេស្ប៉ាញចង់គាំទ្រប្រទេសនេះ និងពង្រឹងទំនាក់ទំនងតាមរយៈ EU។
ចំនួនជនអន្តោរប្រវេសន៍ចូលប្រទេសអេស្ប៉ាញដោយខុសច្បាប់តាមសមុទ្របានកើនឡើងជិត ៣០០ភាគរយ ក្នុងខែមករា ដោយភាគច្រើនបានទៅដល់ប្រជុំកោះកាណារី។ មន្ត្រីអេស្បាញបាននិយាយថា ប្រហែល ៨៣ភាគរយនៃទូកតូចៗធ្វើដំណើរទៅកាន់ប្រជុំកោះបានចាកចេញពីប្រទេសម៉ូរីតានី។ តួលេខនោះបានកើតមានបន្ទាប់ពីចំនួនអន្តោប្រវេសន៍ខ្ពស់បំផុតកាលពីឆ្នាំមុន ដែលបានព្យាយាមទៅដល់ទ្វីបអឺរ៉ុបតាមរយៈប្រជុំកោះអេស្ប៉ាញ ដែលមានទីតាំងនៅឆ្នេរសមុទ្រអាហ្វ្រិក៕