
ការិយាល័យឧតុនិយមរបស់ប្រទេសអ៊ីស្លង់ បានឲ្យដឹងថា ភ្នំភ្លើងមួយបានផ្ទុះឡើង នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែកុម្ភៈ) នៅភាគនិរតីប្រទេស ដែលជាលើកទី២ ក្នុងឆ្នាំនេះ ដោយធ្វើឲ្យវាក្លាយជាការផ្ទុះលើកទី៦ នៅលើឧបទ្វីប Reykjanes គិតចាប់តាំងពីឆ្នាំ២០២១។
វីដេអូផ្សាយផ្ទាល់ពីតំបន់នោះ បង្ហាញឲ្យឃើញពីប្រភពនៃថ្មរលាយពណ៌ទឹកក្រូចដ៏ភ្លឺរន្ទាលព្រួសចេញពីស្នាមក្រហែងនៅក្នុងដី។ ការផ្ទុះពីពេលមុន បានចាប់ផ្តើមនៅថ្ងៃទី១៤ ខែមករា និងមានរយៈពេលជិត ២ថ្ងៃ ដោយលំហូរកម្អែភ្នំភ្លើងបានទៅដល់ជាយក្រុងនេសាទ Grindavik ដែលប្រជាជនជិត ៤.០០០នាក់របស់ទីក្រុងនេះ ត្រូវបានជម្លៀសចេញ ខណៈផ្ទះសម្បែងមួយចំនួនត្រូវបានឆាបឆេះ។
ទោះបីជាការគំរាមកំហែងនៃប្រព័ន្ធភ្នំភ្លើងមានកម្រិតទាបក៏ដោយ ក៏អាជ្ញាធរក្នុងតំបន់បានព្រមានពីការផ្ទុះបន្ថែមទៀត ខណៈដែលដីនៅតែបន្តហើបឡើងនៅក្នុងតំបន់នេះ ដោយសារតែម៉ាកម៉ាពូនកាន់តែច្រើននៅក្រោមដី៕