
ជនជាតិប៉ាឡេស្ទីនដែលបាត់បង់ទីជម្រកជាច្រើននាក់ បានជួបជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីកាន់ទុក្ខ អ្នកជាទីស្រលាញ់របស់ពួកគេ ដែលបានបាត់បង់ជីវិតដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងតំបន់ហ្កាហ្សា។
ពួកគេបានប្រមូលផ្ដុំគ្នានៅជុំវិញសាកសពដែលគ្របក្រណាត់សដាក់នៅលើឥដ្ឋ ដែលអ្នកខ្លះបានយំយែក និងខ្លះទៀតបានកំពុងធ្វើការបួងសួង។
អ្នកស្រុកនៅប៉ែកភាគខាងត្បូងនៃតំបន់ហ្កាហ្សា បាននិយាយថា អ៊ីស្រាអែលបានបង្កើនការវាយប្រហារលើក្រុងរ៉ាហ្វា (Rafah)នៅប៉ុន្មានម៉ោងមុននៅថ្ងៃព្រហស្បតិ៍នេះ។ អ៊ីស្រាអែលអះអាងថា ក្រុងរ៉ាហ្វាឥឡូវនេះ ជាបន្ទាយមួយរបស់អង្គភាពប្រយុទ្ធរបស់ពួកហាម៉ាសរួចទៅហើយ។
អ្នកស្រុកបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលពីរលើក បានត្រូវចំផ្ទះពីរខ្នងក្នុងសង្កាត់តែល
អាល់ ស៊ុលតង់(Tel Al-Sultan)ក្នុងក្រុង។ ចំណែកប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាសបាននិយាយថា មនុស្ស៧នាក់ បានស្លាប់ និង១១នាក់ទៀតរងបួស។
អ៊ីស្រាអែលបានចាប់ផ្ដើមវាយលុកយោធារបស់ខ្លួន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសចេញពីតំបន់ហ្កាហ្សាបានសម្លាប់មនុស្សអស់១.២០០នាក់ និងបានចាប់មនុស្សចំនួន២៥៣នាក់ ធ្វើជាចំណាប់ថ្នូរនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលាឆ្នាំកន្លងទៅ។
ក្រសួងសុខាភិបាលតំបន់ហ្កហ្សានិយាយថា ជនជាតិប៉ាលេស្ទីនយ៉ាងហោចណាស់២៧.៥៨៥នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ ជាមួយនឹងមនុស្សរាប់ពាន់នាក់ទៀតដែលគេព្រួយបារម្ភថាបានកប់នៅក្រោមគំនរថ្មនៅក្នុងការវាយប្រហារបស់អ៊ីស្រាអែលតាំងពីពេលនោះមក៕