
យោធាអាមេរិកបាននិយាយថា មេបញ្ជាការម្នាក់មកពីក្រុម Kataib Hezbollah ដែលជាក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលមន្ទីរបញ្ចកោណបានស្ដីបន្ទោសថា បានវាយប្រហារលើកងទ័ពរបស់ខ្លួននោះ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី៧ ខែកុម្ភៈ)។
ដោយមិនបានបញ្ជាក់ពីឈ្មោះ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន យោធាបានឲ្យដឹងថា៖ «កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារឯកតោភាគី នៅក្នុងប្រទេសអ៊ីរ៉ាក់ ជាការឆ្លើយតបទៅនឹងការវាយប្រហារលើសមាជិកសេវាកម្មរបស់សហរដ្ឋអាមេរិកដោយបានសម្លាប់មេបញ្ជាការរបស់ក្រុម Kataib Hezbollah ដែលទទួលខុសត្រូវចំពោះការរៀបចំផែនការដោយផ្ទាល់ និងចូលរួមក្នុងការវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងតំបន់»។
ជាមួយគ្នានេះ យោធាបានបន្ថែមថា មិនមានការបង្ហាញពីការបាត់បង់ជីវិតនៃជនស៊ីវិលនោះទេ។ ប្រភពសន្តិសុខចំនួន២ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា មេបញ្ជាការរូបនោះ គឺលោក Abu Baqir al-Saadi ដែលបានសម្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូនលើរថយន្ត នៅភាគខាងកើតទីក្រុងបាកដាដ៕