
ប្រជាជនប៉ាគីស្ថានបាននាំគ្នាចេញទៅទម្លាក់សន្លឹកឆ្នោតរបស់ពួកគេក្នុងធុង សម្រាប់ការបោះឆ្នោតជាតិ ទោះបីជាសេវាទូរស័ព្ទចល័តត្រូវបានផ្អាកជាបណ្តោះអាសន្ននៅទូទាំងប្រទេស នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែកុម្ភៈ) នេះ ហើយព្រំដែនគោកខ្លះត្រូវបានបិទ ដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់។
ចំណាត់ការផ្អាកបណ្តាញទូរស័ព្ទចល័តនេះបានបង្កឲ្យមានការរិះគន់ពីបណ្ដាមេដឹកនាំគណបក្សប្រឆាំង ខណៈដែលអ្នកបោះឆ្នោតមួយចំនួនសម្តែងការខកចិត្ត ចំពោះកង្វះសេវាទូរស័ព្ទ អំឡុងពេលបោះឆ្នោត។ ការផ្អាកនេះក៏ធ្វើឡើងផងដែរបន្ទាប់ពីមានការអំពាវនាវដោយអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ទៅកាន់អ្នកគាំទ្ររបស់លោក ដែលបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ ខណៈពេលកំពុងតវ៉ានឹងការចាប់ខ្លួនរូបលោកកាលពីឆ្នាំមុន ឲ្យឈររង់ចាំនៅខាងក្រៅបន្ទប់បោះឆ្នោត រហូតដល់មានការប្រកាសលទ្ធផល។
ការប្រកួតប្រជែងធំបំផុត ត្រូវបានគេរំពឹងថា នឹងជាការប្រកួតប្រជែង រវាងបណ្ដាបេក្ខជនគាំទ្រដោយលោក Khan ដែលគណបក្ស Pakistan Tehreek-e-Insaf (PTI) របស់លោក បានឈ្នះការបោះឆ្នោតជាតិចុងក្រោយ និងគណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថាន (PML) របស់នាយករដ្ឋមន្ត្រី ៣សម័យកាល លោក Nawaz Sharif ដែលត្រូវបានគេចាត់ទុកថា ជាអ្នកនាំមុខគេ។
លទ្ធផលមិនផ្លូវការដំបូង ក្នុងការបោះឆ្នោត ត្រូវបានគេរំពឹងទុកប៉ុន្មានម៉ោងបន្ទាប់ពីការបោះឆ្នោតបិទ នៅម៉ោង ៥ល្ងាច ម៉ោងក្នុងស្រុក (ត្រូវម៉ោង ១២ ម៉ោងសកល) ហើយការបង្ហាញកាន់តែច្បាស់ជាងនេះ ទំនងជានឹងផុសឡើង នៅព្រឹកថ្ងៃសុក្រ (ទី៩ ខែកុម្ភៈ) ស្អែកនេះ៕