
សេវាសង្រ្គោះបន្ទាន់របស់រដ្ឋអ៊ុយក្រែនក្នុងតំបន់មីកូឡេអ៊ីវ (Mykolaiv Region) បាននិយាយថា យានដ្រូនរបស់រុស្ស៊ីជាច្រើនគ្រឿងបានវាយប្រហារចំសង្កាត់អ្នកស្រុកក្នុងតំបន់មីកូឡេអ៊ីវ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បណ្ដាលអោយមានអគ្គិភ័យ និងបង្ករការខូចខាតអស់ជាច្រើន។
សេវាសង្រ្គោះបន្ទាន់បានផ្សព្វផ្សាយវីដេអូដែលបង្ហាញអ្នកជួយសង្រ្គោះកំពុងធ្វើការពន្លត់ភ្លើងក្រោយពីការវាយប្រហារ។
អភិបាលតំបន់មីកូឡេអ៊ីវ លោកអូឡិកសាន់ឌើរ សិនកេវិច (Oleksandr Senkevych) បាននិយាយថា ការវាយប្រហារនេះមិនបណ្ដាលអោយមានមនុស្សស្លាប់ទេ ប៉ុន្ដែបានធ្វើអោយខូចខាតអគារយ៉ាងហោចណាស់ ២០ខ្នង។
កងទ័ពអាកាសបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រព័ន្ធការពារដែនអាកាសនិងក្រុមប្រម៉ាញ់យានដ្រូនចល័តរបស់អ៊ុយក្រែនបានបាញ់ទម្លាក់យានដ្រូន១១គ្រឿង ក្នុងចំណោម១៧គ្រឿង ដែលវាយប្រហាដោយរុស្ស៊ីលើ៤តំបន់ក្នុងប្រទេស ។