
កូរ៉េខាងជើងកំពុងបញ្ចប់រាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចទាំងអស់ជាមួយកូរ៉េខាងត្បូង ក្នុងនោះរួមទាំងច្បាប់ពិសេសស្តីពីប្រតិបត្តិការនៃគម្រោងទេសចរណ៍ភ្នំ Kumgang ផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែកុម្ភៈ) នេះថា សភារបស់ប្រទេសនេះបានបោះឆ្នោតលុបចោលកិច្ចព្រមព្រៀងទាំងអស់នោះ។ ការសម្រេចនេះកើតឡើងនៅពេលដែលទំនាក់ទំនងជាមួយកូរ៉េខាងត្បូងបន្តមានសភាពកាន់តែអាក្រក់ឡើងៗយ៉ាងឆាប់រហ័ស។
ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលទទួលខុសត្រូវចំពោះទំនាក់ទំនងអន្តរកូរ៉េ បាននិយាយថា ចំណាត់ការនេះគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ហើយនឹងត្រឹមតែធ្វើឲ្យទីក្រុងព្យុងយ៉ាងកាន់តែឯកោប៉ុណ្ណោះ។ មន្ត្រីម្នាក់បានបន្ថែមថា ទីក្រុងសេអ៊ូលមិនទទួលស្គាល់ចំណាត់ការជាឯកតោភាគីនោះទេ។
ពាក់ព័ន្ធនឹងភ្នំ Kumgang ភ្នំស្ថិតនៅលើឆ្នេរសមុទ្រខាងកើតរបស់កូរ៉េខាងជើង ដោយហួសបន្តិចពីតំបន់គ្មានយោធា ដែលបែងបែកប្រទេសទាំង២។ រមណីយដ្ឋានទេសចរណ៍មួយនៅទីនោះ គឺគម្រោងមួយ ក្នុងចំណោមគម្រោងសេដ្ឋកិច្ចអន្តរកូរ៉េធំៗចំនួន២ ដោយមួយទៀតជាតំបន់ឧស្សាហកម្ម Kaesong ដែលបច្ចុប្បន្នត្រូវបានលុបចោល ដែលជាឧបករណ៍ដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំង២ ក្នុងភាពតានតឹងជាច្រើនទសវត្សរ៍ ក្រោយសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣៕