
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែកុម្ភៈ) នេះ បាននិយាយថា ការសម្រេចរបស់មន្ត្រីបោះឆ្នោត ក្នុងការរារាំងបេក្ខជនប្រឆាំងសង្គ្រាម លោក Boris Nadezhdin មិនចូលរួមការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ គឺស្របតាមច្បាប់ ពីព្រោះមានកំហុសនៅក្នុងឯកសាររបស់បេក្ខជនផ្ទាល់។
នៅថ្ងៃព្រហស្បតិ៍នេះ លោក Nadezhdin បាននិយាយថា លោកនឹងប្តឹងឧទ្ធរណ៍ទៅតុលាការកំពូល បន្ទាប់ពីគណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត (CEC) បានរារាំងរូបលោកមិនឲ្យចូលរួមការបោះឆ្នោតខែមីនា ដែលជាការបោះឆ្នោតយត្រូវបានគេរំពឹងថា ប្រធានាធិបតីក្នុងតំនេង លោក វ្ល៉ាឌីមៀរ ពូទីន នឹងឈ្នះយ៉ាងងាយស្រួល។
នៅមុននេះ CEC បានប្រាប់ថា ស្ថាប័នបានរកឃើញហត្ថលេខាមិនត្រឹមត្រូវជាច្រើន ដែលលោក Nadezhdin និងសម្ព័ន្ធមិត្តរបស់លោក បានប្រមូលដើម្បីគាំទ្របេក្ខភាពរបស់លោក ហើយមួយចំនួន ត្រូវបានបង្ហាញថា ជាហត្ថលេខាអ្នកស្លាប់។
លោក Nadezhdin បាននិយាយថា លោកមិនយល់ស្របនឹងសេចក្តីសម្រេចរបស់ CEC នោះឡើយ ហើយនឹងប្តឹងទៅតុលាការកំពូលរបស់រុស្ស៊ី៕