
មន្ត្រីជាន់ខ្ពស់របស់ប្លុកតំបន់អាហ្វ្រិកខាងលិច ECOWAS នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែកុម្ភៈ) នេះ បាននិយាយថា ការសម្រេចរបស់ប្រទេសនីហ្សេ ម៉ាលី និងប៊ួគីណាហ្វាសូ ដែលដឹកនាំដោយរបបយោធា ក្នុងការចាកចេញពីប្លុកនេះ មានភាពប្រញាប់ប្រញាល់ពេក ហើយមិនគិតដល់លក្ខខណ្ឌ ក្នុងការដកខ្លួនជាសមាជិកនោះទេ។
មេដឹកនាំយោធារបស់ប្រទេសទាំង៣ បានប្រកាសកាលពីខែមុនថា ពួកគេបានចាកចេញពីប្លុកនយោបាយ និងសេដ្ឋកិច្ចនេះ ដែលជាការប៉ះពាល់យ៉ាងធំដល់ការធ្វើសមាហរណកម្ម បន្ទាប់ពីប្លុកនេះបានដាក់សម្ពាធឲ្យប្រទេសទាំងនោះស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ក្រុមប្រឹក្សាសម្របសម្រួល និងសន្តិសុខរបស់ប្លុកនេះបានជួបប្រជុំគ្នានៅរដ្ឋធានីអាប៊ូហ្សារបស់ប្រទេសនីហ្សេរីយ៉ា ដើម្បីពិភាក្សាទាំងបញ្ហាចាកចេញរបស់ប្រទេសទាំងនេះ និងបញ្ហារបស់ប្រទេសសេណេហ្គាល់ ដែលការពន្យារពេលការបោះឆ្នោតរយៈពេល ១០ខែ បានបង្កឲ្យមានការតវ៉ារបស់គណបក្សប្រឆាំង។
ប្រធានគណៈកម្មការ ECOWAS លោក Omar Touray បាននិយាយនៅក្នុងសុន្ទរកថាបើកថា៖ «ការសម្រេចយ៉ាងប្រញាប់ប្រញាល់នៃការដកសមាជិកភាពពី ECOWAS មិនបានគិតដល់លក្ខខណ្ឌ សម្រាប់ការដកខ្លួននោះទេ»។ តែយ៉ាងណាក្ដី លោកមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ថា តើលក្ខខណ្ឌមួយណាមិនត្រូវបានអើពើនោះ។
គួរបញ្ជាក់ថា រដ្ឋសមាជិកដែលចង់ដកខ្លួនចេញពីប្លុក ត្រូវតែផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សររយៈពេល១ឆ្នាំ ដែលប្រទេសទាំងនោះមិនបានធ្វើស្របនឹងការប្រកាសដំបូងរបស់ពួកគេ ប៉ុន្តែបានធ្វើនៅពេលនេះ ហើយលោក Touray បាននិយាយថា ប្លុកបានរៀបចំអនុស្សរណៈចំនួន២ លើបញ្ហានេះ ដើម្បីឲ្យមានការពិនិត្យពិច័យ ក្នុងនោះរួមទាំងការវិភាគអំពីផលប៉ះពាល់សម្រាប់រដ្ឋជាសមាជិក និងសហគមន៍ដ៏ទូលំទូលាយផងដែរ៕