
កសិករឥណ្ឌារាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅជិតទីក្រុងញូវដេលី ដោយបិទផ្លូវ លើកបដាពាក្យស្លោក និងដើរដង្ហែ ដើម្បីតវ៉ាប្រឆាំងនឹងអាជ្ញាធរទីក្រុង Noida នៅឯសាជីវកម្មថាមពលកម្ដៅជាតិ (NTPC) នាថ្ងៃព្រហស្បតិ៍ (ទី៨ ខែកុម្ភៈ) នេះ ពាក់ព័ន្ធនឹងការបង្កើនសំណង ចំពោះដីធ្លីរបស់ពួកគេ ដែលត្រូវបានទិញ សម្រាប់គម្រោងអភិវឌ្ឍន៍ឡើងវិញរបស់រដ្ឋាភិបាលមួយចំនួន។
កសិករដែលតវ៉ា អះអាងថា ពួកគេមិនទទួលបានសំណងគ្រប់គ្រាន់ បន្ទាប់ពីបាត់បង់ដីធ្លី ហើយថា ការទាមទាររបស់ពួកគេ គឺសុំត្រឹមតែភាពត្រឹមត្រូវតាមការព្រមព្រៀងគ្នា នៅពេលទិញប៉ុណ្ណោះ។ ការដង្ហែក្បួនតវ៉ានេះ បានធ្វើឲ្យព្រំដែនទីក្រុងញូវដេលីកកស្ទះ ខណៈដែលយានយន្តបានស្ទះចរាចរ ដែលបណ្តាលឲ្យមានការរំខានយ៉ាងខ្លាំងដល់អ្នកដំណើរ។
សន្តិសុខនៅជុំវិញព្រំដែននៃរដ្ឋធានីជាតិត្រូវបានរឹតបន្តឹង ហើយវត្តមាននគរបាលត្រូវបានពង្រឹង ទាំងនៅខាងក្នុង និងជុំវិញតំបន់តវ៉ានោះ៕