អ្នកនាំពាក្យយោធារបស់នាយករដ្ឋមន្ត្រីលោក យ៉ាយ៉ា រ៉ាសូល (Yahya Rasool) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកម្តងហើយម្តងទៀតប្រឆាំងនឹងក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់កំពុងជំរុញឱ្យរដ្ឋាភិបាលបញ្ចប់បេសកកម្មនៃក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ។

យោធាអាមេរិកបាននិយាយថា ការវាយប្រហារកាលពីថ្ងៃពុធបានសម្លាប់មេបញ្ជាការម្នាក់មកពី ក្រុមកាថេបហេសបូឡា (Kataib Hezbollah) ជាក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលមន្ទីរបញ្ចកោណបានស្តីបន្ទោសចំពោះការវាយប្រហារលើកងទ័ពរបស់ខ្លួន។
លោក រ៉ាសូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានក្លាយជាកត្តាមួយសម្រាប់អស្ថិរភាព និងគម្រាមកំហែងក្នុងការលូកដៃចូលជ្រៀតជ្រែកក្នុងប្រទេសអ៊ីរ៉ាក់ នៅក្នុងវដ្តនៃជម្លោះ។

សម្ព័ន្ធយោធាអន្តរជាតិដឹកនាំដោយអាមេរិកនៅអ៊ីរ៉ាក់ត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ សហរដ្ឋអាមេរិកមានកងទ័ពចំនួន២.៥០០នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលផ្តល់ការណែនាំ និងជួយដល់កងកម្លាំងក្នុងតំបន់ដើម្បីទប់ស្កាត់ការងើបឡើងវិញនៃក្រុមបះបោរ។
ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស នៅតំបន់ហ្កាហ្សាបានចាប់ផ្តើមកាលពីថ្ងៃទី៧ខែតុលា អ៊ីរ៉ាក់ និងស៊ីរីបានមើលឃើញការវាយប្រហារសងសឹកគ្នាស្ទើរតែរាល់ថ្ងៃរវាងក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ប្រកាន់តឹង និងកងកម្លាំងសហរដ្ឋអាមេរិក ដែលឈរជើងក្នុងតំបន់នោះ។
អ្នកនាំពាក្យយោធាអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីរ៉ាក់ និងសហរដ្ឋអាមេរិកនឹងបន្តការចរចាអំពីអនាគតនៃសម្ព័ន្ធយោធាអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសរបស់ខ្លួន នៅថ្ងៃទី ១១ ខែកុម្ភៈខាងមុខនេះ៕
