ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បាននិយាយថា ប្រទេសរបស់លោកនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់អំណាចយោធារបស់ខ្លួនទាំងអស់ដើម្បីកម្ចាត់សត្រូវឡើយ ប្រសិនបើពួកគេណាមួយប្រើកម្លាំងប្រឆាំងនឹងកូរ៉េខាងជើង ស្របពេលលោកបានប្រារព្ធខួបនៃការបង្កើតយោធារបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា លោក Kim បានធ្វើអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ក្រសួងការពារជាតិកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រមូលផ្តុំទាហានដើម្បីលើកតម្កើងមនោគមវិជ្ជានៃគណបក្សពលករកំពុងកាន់អំណាច និងការពារប្រទេសដោយជីវិតរបស់ពួកគេ។
ទីភ្នាក់ងារសារព័ត៌ KCNA បានដកស្រង់សម្តីរបស់លោកដោយនិយាយថា ប្រសិនបើសត្រូវព្យាយាមប្រើកម្លាំងប្រឆាំងនឹងប្រទេសរបស់យើង យើងនឹងសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់អំណាចដ៏អស្ចារ្យរបស់យើងទាំងអស់ដើម្បីកម្ទេចសត្រូវឡើយ ។

ប្រភពខាងលើបាននិយាយថា លោក មេដឹកនាំកូរ៉េខាងជើងរូបនេះបានប្តេជ្ញាជាថ្មីម្តងទៀតថា នឹងមិនមានការសន្ទនា ឬការចរចាជាមួយកូរ៉េខាងត្បូង ដែលលោកបាននិយាយថាជា សត្រូវលេខ១ របស់ប្រទេសលោកឡើយ ហើយបាននិយាយថា គោលនយោបាយនៃការត្រៀមលក្ខណៈយោធាដ៏មានឥទ្ធិពលគឺជាមធ្យោបាយតែមួយគត់ដើម្បីធានាសន្តិភាព និងសន្តិសុខសម្រាប់កូរ៉េខាងជើង។
គួររម្លឹកថា លោក Kim បានប្រកាសនៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយរបស់គណបក្សកាន់អំណាចកាលពីចុងឆ្នាំ២០២៣ ថា ការបង្រួបបង្រួមដោយសន្តិវិធីគឺមិនអាចទៅរួចទេ ហើយប្រទេសរបស់លោកកំពុងធ្វើការផ្លាស់ប្តូរគោលនយោបាយអំពីរបៀបដែលខ្លួនដោះស្រាយជាមួយកូរ៉េខាងត្បូង នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់ដើម្បីកំណត់ឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងសេអ៊ូល ៕
