សហរដ្ឋអាមេរិក បានព្រមានអ៊ីស្រាអែលថា ការវាយលុកដោយយោធាចូលទៅក្នុងទីក្រុង រ៉ាហ្វា (Rafah)ភាគខាងត្បូងនៃតំបន់ហ្កាហ្សាដោយគ្មានការរៀបចំផែនការត្រឹមត្រូវនឹងក្លាយជាគ្រោះមហន្តរាយ។
សេតវិមានបាននិយាយថា ខ្លួននឹងមិនគាំទ្រផែនការសម្រាប់ប្រតិបត្តិការសំខាន់ៗណាមួយនៅក្នុងតំបន់ Rafah ដោយគ្មានការពិចារណាត្រឹមត្រូវសម្រាប់ជនភៀសខ្លួននៅទីនោះទេ។

ការអត្ថាធិប្បាយនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំអ៊ីស្រាអែលបាននិយាយថាយោធាត្រូវបានបញ្ជាឱ្យរៀបចំប្រតិបត្តិការនៅតំបន់រ៉ាហ្វា។
ជាងពាក់កណ្តាលនៃប្រជាជននៅតំបន់ហ្កាហ្សាឥឡូវនេះរស់នៅក្នុងទីក្រុងជាប់ព្រំដែនប្រទេសអេហ្ស៊ីប។ ប្រជាជនប៉ាឡេស្ទីនប្រហែល ១,៥ លាននាក់កំពុងព្យាយាមរស់នៅទីនោះ ក្នុងស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរ។
អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើផ្នែកខ្លះនៃទីក្រុង រ៉ាហ្វា ពីលើអាកាសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយតាមសេចក្តីរាយការណ៍ រថក្រោះអ៊ីស្រាអែល ក៏បានបើកការបាញ់ប្រហារផងដែរ។

ថ្លែងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយពុំសំដៅលើតំបន់រ៉ាហ្វា លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា សកម្មភាពរបស់អ៊ីស្រាអែលនៅហ្កាហ្សាគឺ ជ្រុលហួសពេកហើយ។
ថ្មីៗនេះអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា យោធាអ៊ីស្រាអែល មានកាតព្វកិច្ចពិសេស ខណៈពួកគេធ្វើប្រតិបត្តិការនៅទីនោះ ឬកន្លែងផ្សេងទៀត ដើម្បីប្រាកដថា ពួកគេកំពុងការពារជីវិតជនស៊ីវិលស្លូតត្រង់៕