កងកម្លាំងអ៊ីស្រាអែល បានបង្កើនការទម្លាក់គ្រាប់បែកលើតំបន់នានាក្នុងទីក្រុងរ៉ាហ្វា (Rafah) ព្រំដែនភាគខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ (០៨ កុម្ភៈ) ជាទីដែលប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនហ្កាហ្សា សរុបកំពុងជ្រកកោន ខណៈដែលក្រុមអ្នកការទូតកំពុងស្វះស្វែងរកការចរចាបទឈប់បាញ់ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានច្រានចោលសំណើរបស់ក្រុមហាម៉ាស។

ក្នុងសញ្ញាមួយដែលដំណើរការទូតមិនទាន់ចប់ គណៈប្រតិភូក្រុមហាម៉ាសដឹកនាំដោយមន្ត្រីជាន់ខ្ពស់ លោក ខាលី អាល់ហាយយា (Khalil Al-Hayya) បានទៅដល់ទីក្រុងគែរ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចរចាបទឈប់បាញ់ជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃពុធ ថាលក្ខខណ្ឌដែលស្នើឡើងដោយក្រុមហាម៉ាស សម្រាប់បទឈប់បាញ់ក្នុងសង្គ្រាមរយៈពេល ៤ ខែគឺ «ជារឿងផ្ដេសផ្ដាសខ្លាំងណាស់» ហើយបានប្តេជ្ញាថានឹងប្រយុទ្ធ ដោយនិយាយថាជ័យជំនះគឺឈានដល់ហើយនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ។

ពលរដ្ឋហ្កាហ្សា សង្ឃឹមយ៉ាងមុតមាំថាបទឈប់បាញ់អាចមកដល់ទាន់ពេលដើម្បីទប់ស្កាត់ការវាយលុករបស់អ៊ីស្រាអែល ដែលបានគម្រាមកំហែងទៅលើទីក្រុងរ៉ាហ្វា ដែលជារបងព្រំដែនភាគខាងត្បូងរបស់តំបន់ហ្កាហ្សា ដោយឥឡូវនេះមានប្រជាជនជាងមួយលាននាក់កំពុងស្ថិតទីនោះ ហើយពួកគេភាគច្រើនស្នាក់នៅក្នុងតង់បណ្តោះអាសន្ន៕