បាល់ទាត់៖ ខ្សែប្រយុទ្ធស្លាបរបស់ Borussia Dortmund, Jadon Sancho នឹងក្លាយជាកីឡាករដំបូងរបស់លោក Ole Gunnar Solskjaer ដែលផ្ទេរមកកាន់ Manchester United រដូវក្តៅនេះបន្ទាប់ពីការចរចាផ្ទេរបានឈានដល់កិច្ចព្រមព្រៀង។
ជាមួយគ្នានោះក្រុមក្បែរបង Manchester City ក៏ទទួលបានភាគលាភពីការផ្ទេរតំលៃ ៧៣លានផោននេះដែរតាមរយៈកិច្ចសន្យាដំបូងដែល Sancho ចាកចេញពី Manchester City ទៅកាន់ Dortmund កាលពីឆ្នាំ២០១៧។ Jadon Sancho បានចាកចេញពីក្រុមយុវជនថ្នាលរបស់ Manchester City នៅឆ្នាំ២០១៧ ដោយអមជាមួយនឹងកិច្ចសន្យាដែលម្ចាស់ក្លិបដំបូងទទួលបាន ១៥% នៅពេលផ្ទេរចេញពី Dortmund នាពេលអនាគត។ រំលឹកថា Manchester City បាននាំយក Sancho ពី Watford កាលពីឆ្នាំ២០១៤ ក្នុងវ័យ ១៤ឆ្នាំក្នុងតំលៃ ៦ម៉ឺន ៦ពាន់ផោនប៉ុណ្ណោះ ហើយ Sancho ក៏បានផ្ទេរទៅ Dortmund នៅឆ្នាំ២០១៧ ក្នុងតំលៃ ៨លានផោនដោយនៅពេលនោះ Watford ក៏ទទួលបាន ៨០ម៉ឺនផោនផងដែរ។
សូមបញ្ជាក់ថា តំលៃនៃការផ្ទេរ ៧៣លានផោននេះនឹងធ្វើឱ្យ Jadon Sancho ជាកីឡាករអង់គ្លេសទីពីរដែលមានតំលៃផ្ទេរខ្ពស់បំផុតបន្ទាប់ពី Harry Maguire ដែលផ្ទេរពី Leicester City កាលពីឆ្នាំ២០១៩ ក្នុងតំលៃ ៨០លានផោន។ Jadon Sancho ស៊ុតបញ្ចូលទីបាន ៥០គ្រាប់ ៥៧គ្រាប់បាល់បញ្ជូនក្នុងការបង្ហាញខ្លួន ១៣៧ប្រកួតឱ្យ Borussia Dortmund និងជាអ្នកស៊ុតបញ្ចូលទី២ គ្រាប់ឱ្យ Dortmund លើកពាន German Cup រដូវកាលមុនយកឈ្នះ Leipzig ៤-១៕
អត្ថបទ៖នាង សុភាវុធ