នាវាចម្បាំងរបស់កងទ័ពជើងទឹកអាល្លឺម៉ង់ បានធ្វើដំណើរទៅកាន់សមុទ្រក្រហម កាលពីថ្ងៃព្រហស្បតិ៍ក្នុងគោលបំណងការពារនាវាពាណិជ្ជកម្មពីការវាយប្រហារដោយក្រុមឧទ្ទាមយេម៉ែន ដែលជាផ្នែកមួយនៃបេសកកម្មសហភាពអឺរ៉ុបដែលបានគ្រោងទុក។

មេបញ្ជាការកងទ័ពជើងទឹកលោក ចាន់ គ្រីស្ទៀន កាអេក (Jan Christian Kaack) បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងប៊ែរឡាំងថា ការដាក់ពង្រាយនេះ គឺជាការចូលរួមដ៏សំខាន់បំផុតរបស់អង្គភាពមួយនៃកងទ័ពជើងទឹកអាល្លឺម៉ង់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។
ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែន បានចាប់ផ្តើមការវាយប្រហារជាបន្តបន្ទាប់លើកនាវាឆ្លងកាត់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ដោយនិយាយថា យុទ្ធនាការរបស់ពួកគេ គឺនៅក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។

សមុទ្រក្រហម ជាធម្មតាគ្របដណ្តប់ប្រហែល ១២ភាគរយនៃពាណិជ្ជកម្មសមុទ្រពិភពលោក។
ភាពចលាចល បានជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនប្តូរទិសដៅនាវារបស់ពួកគេចេញពីសមុទ្រក្រហម ដោយធ្វើឲ្យពួកគេប្រើប្រាស់ផ្លូវវែងជាង និងថ្លៃជាង នៅជុំវិញចុងខាងត្បូងនៃទ្វីបអាហ្រ្វិក។
លោកកាអេក បាននិយាយថា នាវាចម្បាំង «Hesse» បានចេញដំណើរពីកំពង់ផែវីហែមសាវិន ( Wilhelmshaven) ភាគខាងជើងប្រទេសអាល្លឺម៉ង់ ជាមួយនឹងនាវិកប្រហែល ២៤០នាក់។
លោកបានបន្ថែមថា វានឹងអាចឆ្លើយតបទៅនឹងការវាយប្រហារដែលមានសក្តានុពល រួមទាំងពីមីស៊ីល យានដ្រូន និង នាវាអត្តឃាតដែលបញ្ជាពីចម្ងាយ។