លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី៩ខែកុម្ភៈសប្ដាហ៍នេះថា ការឆ្លើយតបរបស់យោធាអ៊ីស្រាអែល ក្នុងតំបន់ហ្កាហ្សាស្ទ្រីប ចំពោះការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាដោយក្រុមហាម៉ាស គឺជាទង្វើជ្រុលហួសពេកហើយ។

ប្រធានាធិបតីអាមេរិកវ័យ៨១ឆ្នាំ មកពីគណបក្សប្រជាធិបតេយ្យរូបនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសេតវិមានថា តាមទស្សនៈរបស់លោក ដូចដែលអ្នករាល់គ្នាដឹងស្រាប់ហើយថា ការឆ្លើយតបនៅក្នុងតំបន់ហ្កាហ្សា គឺជាសកម្មភាពជ្រួលហួសប្រមាណ។

ការគាំទ្ររបស់អាមេរិក សម្រាប់សង្រ្គាមអ៊ីស្រាអែល លើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានរុញឲ្យផ្ទុះកំហឹងឈានដល់ការវាយប្រហារទាហានអារិកក្នុងតំបន់ ព្រមទាំងមានការរិះគន់លើរដ្ឋបាលរបស់លោកប្រធានាធិបតី Biden ទាំងនៅក្នុងសហរដ្ឋអាមេរិក និងបរទេស។
ការទម្លាក់គ្រាប់បែក និងការឡោមព័ទ្ធជាច្រើនខែមកនេះ បានរុញឲ្យមានវិបត្តិមនុស្សធម៌ពិសេនៅក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង។
ប៉ុន្តែលោក Biden បាននិយាយថា លោកបានជំរុញឲ្យមានជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា។
ការសឹងសឹករបស់អ៊ីស្រាអែលបានឆក់យកអាយុជីវិតជនស៊ីលហ្កាហ្សាយ៉ាងហោចណាស់២៧.៨៤០នាក់ ភាគច្រើនជាស្ត្រីនិងកុមារ។
សង្រ្គាមនេះ បាននាំឲ្យមានការរីកសាយអំពើហិង្សាទូទាំងតំបន់ដោយក្រុមកងកម្លាំងប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ជាការបង្ហាញសាមគ្គីភាពជាមួយក្រុមហាម៉ាស ដែលនាំឲ្យមានការវាយប្រហារសងសឹកគ្នាពីអ៊ីស្រាអែលនិងអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តនានារបស់ខ្លួន៕