អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបំផ្លាញអគារនៅខាងក្នុងព្រំដែនហ្កាហ្សា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើត «តំបន់ទ្រនាប់» គឺជាឧក្រិដ្ឋកម្មសង្គ្រាមដោយអ៊ីស្រាអែល។

លោក វ៉ូលកឺ ទួក (Volker Turk) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលដែលមានគោលបំណងវាយកម្ទេចទ្រព្យសម្បត្តិ ក្នុងចម្ងាយមួយគីឡូម៉ែត្រនៃរបងព្រំដែនហ្កាហ្សាស្ទ្រីបមិនស្របតាមច្បាប់មនុស្សធម៌អន្តរជាតិនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបាននិយាយថា៖«ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ មិនត្រូវបានរាប់ជាសុចរិតដោយសារភាពចាំបាច់របស់យោធា និងបានធ្វើឡើងដោយខុសច្បាប់ និងដោយចេតនា នោះជាការបំពានយ៉ាងធ្ងន់ធ្ងរនៃអនុសញ្ញាទីក្រុងហ្សឺណែវទី៤ និងឧក្រិដ្ឋកម្មសង្រ្គាម»។
សេចក្តីថ្លែងការណ៍នេះ កើតឡើងនៅពេលដែលរូបភាពពីផ្កាយរណបដែលបានវិភាគដោយសារព័ត៌មាន The Telegraph បានបង្ហាញថា អគារជាង ១.០០០ ត្រូវបានបំផ្លាញនៅជុំវិញបរិវេណដីនៃតំបន់ហ្កាហ្សាចាប់តាំងពីការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលា។

ការវិភាគរូបភាពបន្ថែម បានរកឃើញថាផ្ទះរាប់រយខ្នងត្រូវបានបំផ្លាញ វាលស្រែ និងចម្ការផ្លែឈើ ត្រូវបានបំផ្លាញ ឧបករណ៍ប្រើប្រាស់ ត្រូវបានបំផ្ទុះ ហើយសាលារៀន និងវិហារអ៊ីស្លាម បានខូចខាតទាំងស្រុង នៅតាមព្រំដែន។