ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា អាយុជីវិតមនុស្សរាប់ម៉ឺននាក់ កំពុងប្រឈមភាពរងគ្រោះខ្លាំងនៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង និងកណ្ដាលដោយសារតែគ្មានអាហារ។

ឧត្ដមស្នងការនៃទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNRWA លោក ហ្វីលីប ឡាហ្សារីនី (Philippe Lazzarini) បាននិយាយចុងក្រោយថា ទីភ្នាក់ងារនេះត្រូវបានអនុញ្ញាតឲ្យដឹកជញ្ជូនជំនួយផ្គត់ផ្គង់នានាចូលទៅក្នុងតំបន់នេះរយៈជាង២សប្ដាហ៍មកហើយកាលពីថ្ងៃទី២៣ខែមករា។

បណ្ដាទីភ្នាក់ងារផ្ដល់ជំនួយមនុស្សផ្សេងទៀត ក៏បានរាយការណ៍ផងដែរពីការរារាំងមិនឲ្យជំនួយចូលទៅក្នុងដែនដីប៉ាឡេស្ទីន ដែលរងការទម្លាក់គ្រាប់បែកដោយអ៊ីស្រាអែលឥត់ឈប់ឈរចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលាមក។

លោក ឡាហ្សារីនី បានសរសេរនៅលើបណ្ដាញសង្គម X ថា អង្គការសហប្រជាជាតិ បានមើលឃើញភាពអត់ឃ្លានធ្ងន់ធ្ងរនៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង ជាទីដែលមនុស្សជាច្រើន ត្រូវគេជឿថា ប្រឈមគ្រោះទុរ្ភក្សខ្លាំង។
មនុស្សយ៉ាងហោចណាស់៣សែននាក់ កំពុងរស់នៅក្នុងតំបន់ដែលពឹងផ្អែកទាំងស្រុងលើជំនួយដើម្បីរស់៕