វ៉េណេហ្ស៊ុយអេឡាកាលពីថ្ងៃព្រហស្បតិ៍ បានប្តេជ្ញាថា នឹងមាន «ការឆ្លើយតបដោយកម្លាំង» ប្រសិនបើការខួងយកប្រេង ចាប់ផ្តើមនៅក្នុងដែនទឹកដែលមានការតវ៉ាជំទាស់ពីប្រទេសជិតខាងហ្គីយ៉ាន ដូចដែលបានប្រកាសដោយក្រុមហ៊ុនប្រេងយក្សរបស់សហរដ្ឋអាមេរិក ExxonMobil ក្នុងសប្តាហ៍នេះ។

ទីក្រុងការ៉ាកាស បានទាមទារជាយូរមកហើយនូវតំបន់ Essequibo ដែលបង្កើតបានប្រហែល ២ ភាគ ៣ នៃទឹកដីហ្គីយ៉ាន ប៉ុន្តែបានបង្កើនវោហាស័ព្ទបស់ខ្លួន ចាប់តាំងពីអ្នកជិតខាងរបស់ខ្លួន បានចាប់ផ្តើមចេញអាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុនប្រេង ដើម្បីធ្វើប្រតិបត្តិការ នៅទីនោះ។
រដ្ឋមន្ត្រីការពារជាតិវ៉េណេហ្ស៊ុយអេឡា លោក វ្ល៉ាឌីមៀ ប៉ាឌ្រីណូ (Vladimir Padrino) បានសរសេរនៅលើបណ្តាញសង្គម X ថា ខណៈដែលក្រុម ExxonMobil អាចមានការការពារពីសហរដ្ឋអាមេរិក និង ប្រទេសហ្គីយ៉ាន នៅក្នុងលំហដែនសមុទ្រដែលជាកម្មសិទ្ធិរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា ពួកគេនឹងទទួលបានការឆ្លើយតបដោយកម្លាំងសមាមាត្រ ដែលប្រកាន់ខ្ជាប់នឹងច្បាប់»។

ក្រុមហ៊ុន ExxonMobil ដែលបានរកឃើញស្តុកប្រេងឆៅដ៏ធំនៅប្រទេសហ្គីយ៉ាន ក្នុងឆ្នាំ ២០១៥ បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងខួងអណ្តូងរុករកចំនួនពីរនៅឆ្នាំនេះ នៅឯឆ្នេរសមុទ្រ Essequibo ដែលគ្រប់គ្រងដោយហ្គីយ៉ាន អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ។

កាលពីខែធ្នូ ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានហៅការបោះឆ្នោតប្រជាមតិដ៏ចម្រូងចម្រាសមួយដែលមិនជាប់កាតព្វកិច្ច ដែលបានអនុម័តយ៉ាងលើសលប់នូវការបង្កើតខេត្តវ៉េណេស៊ុយអេឡា នៅឆ្នេរសមុទ្រ Essequibo ដែលបង្កឲ្យមានការភ័យខ្លាចនៃជម្លោះយោធានៅអាមេរិកខាងត្បូងដែលមានសន្តិភាពយ៉ាងទូលំទូលាយនោះ។