ព្រះសុខភាពរបស់ព្រះមហាក្សត្រ ឆាលស៍ (Charles) នៃចក្រភពអង់គ្លេស កំពុងស្ថិតក្នុង «ស្ថានភាពល្អខ្លាំងណាស់» នេះបើយោងតាមបន្ទូលរបស់ព្រះអគ្គមហេសី ខែមមីឡា (Camilla) កាលពីថ្ងៃព្រហស្បតិ៍ (០៨ កុម្ភៈ) នៅក្នុងការបង្ហាញព្រះវត្តមានជាសាធារណៈលើកដំបូងចាប់តាំងពីព្រះមហាក្សត្រ ដែលមានព្រះជន្ម ៧៥ ព្រះវស្សាអង្គនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកមក។

ដោយមានរាជបន្ទូលទៅកាន់អ្នកជូនពរនៅឯការប្រគុំតន្ត្រីសប្បុរសធម៌នៅវិហារ សាលីសប៊ឺរី (Salisbury) នៅភាគខាងត្បូងប្រទេសអង់គ្លេស ព្រះអគ្គមហេសី ខែមមីឡា បានមានបន្ទូលថាព្រះអង្គ ឆាលស៍ សព្វព្រះហឬទ័យយ៉ាងខ្លាំងចំពោះសារនៃការគាំទ្រពីសាធារណៈជន។

បុត្រារបស់ព្រះមហាក្សត្រ ឆាលស៍ និងជាអ្នកស្នងរាជបល្ល័ង្ក គឺព្រះរាជទាយាទ វីលៀម (William) កាលពីថ្ងៃពុធ បានមានបន្ទូលថ្លែងអំណរគុណដល់សាធារណជនអង់គ្លេស សម្រាប់សារដ៏សប្បុរសរបស់ពួកគេទាំងចំពោះបិតា និងមហេសីរបស់ទ្រង់ គឺព្រះនាង ខេត (Kate) បន្ទាប់ពីការវះកាត់ថ្មីៗនេះរបស់ទ្រង់កាលពីថ្ងៃទី១៦ ខែមករា។
ចាប់តាំងពីពេលវេលាដូចគ្នានោះមក ព្រះអង្គ ឆាលស៍ បានឆ្លងកាត់ការព្យាបាលសម្រាប់បញ្ហាក្រពេញប្រូស្តាតរីកធំ មុនពេលព្រះមរមរាជវាំង បាក់ឃីងហែម (Buckingham) បានប្រកាសកាលពីថ្ងៃចន្ទថា ការធ្វើតេស្តជាបន្តបន្ទាប់លើព្រះមហាក្សត្រ បានបង្ហាញថាទ្រង់មានទម្រង់នៃជំងឺមហារីក៕