ប្រព័ន្ធផ្សព្វផ្សាយជាង ២.១០០ បណ្ដាញនៅក្នុងប្រទេស និងតំបន់ចំនួន ២០០ ជុំវិញពិភពលោកនឹងចាក់ផ្សាយ និងរាយការណ៍អំពីកម្មវិធីសម្ដែងពិធីបុណ្យនិទាឃរដូវរបស់ក្រុមហ៊ុនសម្ព័ន្ធផ្សព្វផ្សាយចិន (CMG) ដែលជាកម្មវិធីទូរទស្សន៍មានអ្នកមើលច្រើនជាងគេបំផុតរបស់ពិភពលោក ដែលធ្វើឡើងនៅមុនថ្ងៃចូលឆ្នាំចិន។
ព្រឹត្តិការណ៍ពិធីបុណ្យនិទាឃរដូវ ឬហៅជាភាសាចិនថា «ឈុនវ័ន» (Chunwan) នេះបានបង្ហាញខ្លួននៅឆ្នាំ១៩៨៣ នៅពេលដែលទូរទស្សន៍កម្រមាននៅក្នុងប្រទេសចិន។

ការសម្ដែងនោះ គឺជាកម្មវិធីទូរទស្សន៍ដែលមានរយៈពេលរាប់ម៉ោង រួមមានការច្រៀង និងរាំ ការសម្ដែងអូប៉េរ៉ា កំប្លែងខ្លី ការនិយាយឆ្លងឆ្លើយពីវប្បធម៌ សិល្បៈក្បាច់គុន និងកាយសម្ព័ន្ធ ដែលមានរយៈពេលរហូតដល់ព្រឹកព្រលឹមនៃថ្ងៃចូលឆ្នាំថ្មី។ កម្មវិធីនេះបានវិវត្តទៅជាពិធីបុណ្យវប្បធម៌សម្រាប់ប្រជាជនចិនជុំវិញពិភពលោកដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំចិនប្រពៃណីជាមួយគ្រួសារ។

នៅឆ្នាំ២០២៣ កម្មវិធីនេះ ដែលជាប់កំណត់ហ្គីណេសត្រាពិភពលោកសម្រាប់កម្មវិធីទូរទស្សន៍ដែលមានអ្នកមើលច្រើនជាងគេបំផុតនៅលើពិភពលោក បានទាក់ទាញការទស្សនាចំនួន ១១ ពាន់លានដងតាមរយៈបណ្តាញផ្សព្វផ្សាយ CMG ទាំងអស់។

ប៉ុស្តិ៍ទូរទស្សន៍ភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី នៃបណ្តាញទូរទស្សន៍សកលចិន (CGTN) ដែលនៅក្រោមសម្ព័ន្ធផ្សព្វផ្សាយ CMG រួមជាមួយនឹងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមជា ៦៨ ភាសាផ្សេងគ្នា នឹងចាប់ដៃគូជាមួយប្រព័ន្ធផ្សព្វផ្សាយជាង ២.១០០ បណ្ដាញនៅទូទាំង ២០០ ប្រទេស និងតំបន់ដើម្បីផ្សាយ និងរាយការណ៍ពីកម្មវិធីនៃពិធីបុណ្យនិទាឃរដូវឆ្នាំ២០២៤ របស់ចិនមួយនេះ៕