អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ បានប្តេជ្ញាថា នឹងចាត់វិធានការភ្លាមៗលើព័ត៌មានថ្មីណាមួយពីប្រទេសអ៊ីស្រាអែល ពាក់ព័ន្ធទៅនឹងការជ្រៀតចូលរបស់ក្រុមហាម៉ាសទៅក្នុងស្ថាប័នពិភពលោកមួយនេះ បន្ទាប់ពីបុគ្គលិករបស់អង្គការសហប្រជាជាតិ ៩ នាក់នៅតំបន់ហ្កាហ្សា ត្រូវបានបណ្តេញចេញកាលពីខែមុន។

អ៊ីស្រាអែល កាលពីខែមុនបានចោទប្រកាន់បុគ្គលិក ១២ នាក់ របស់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិថា បានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស។ ក្នុងចំណោមបុគ្គលិកបីនាក់ដែលនៅសល់ ម្នាក់បានស្លាប់ខណៈអង្គការសហប្រជាជាតិ កំពុងបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលិកពីរនាក់ផ្សេងទៀត។

ការស៊ើបអង្កេតផ្ទៃក្នុងរបស់អង្គការសហប្រជាជាតិ បានចាប់ផ្តើម ខណៈសហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយធំបំផុតដល់ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA) និងប្រទេសផ្សេងៗទៀត បានផ្អាកការផ្តល់មូលនិធិ បន្ទាប់ពីមានការចោទប្រកាន់នេះ។ ឯកសារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែលដែលមាន៦ទំព័រ បានចោទប្រកាន់បន្ថែមទៀតថាបុគ្គលិកទីភ្នាក់ងារ UNRWA ប្រមាណ១៩០នាក់ រួមទាំងគ្រូបង្រៀន បានកើនឡើងទ្វេដងជាមួយក្រុមហាម៉ាស់ ឬក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាម។
ទោះជាយ៉ាងណា លោក Guterres និងប្រធានទីភ្នាក់ងារ UNRWA លោក ហ្វីលីព ឡាហ្សារីនី(Philippe Lazzarini) ពុំបានទទួលព័ត៌មានបន្ថែមណាមួយពីអ៊ីស្រាអែលនោះទេ ចាប់តាំងពីការចោទប្រកាន់ដំបូងលើបុគ្គលិកទាំង ១២នាក់ ដែលត្រូវបានធ្វើឡើង។
ទីភ្នាក់ងារ UNRWA បានជួលបុគ្គលិក ១៣.០០០នាក់នៅតំបន់ហ្កាហ្សា បម្រើការនៅសាលារៀន គ្លីនិកថែទាំសុខភាពបឋម និងសេវាសង្គមផ្សេងៗទៀត ព្រមទាំងការចែកចាយជំនួយមនុស្សធម៌។ លោក Guterres កាលពីខែមុនបានចាត់ទុកទីភ្នាក់ងារ UNRWA ថាជា «ឆ្អឹងខ្នងនៃការឆ្លើយតបមនុស្សធម៌ទាំងអស់នៅតំបន់ហ្កាហ្សា» និងបានអំពាវនាវដល់ប្រទេសទាំងអស់ឱ្យ ធានាការបន្តការងារសង្គ្រោះជីវិតរបស់ទីភ្នាក់ងារ UNRWA។