ការជួយសង្គ្រោះក្មេងស្រីម្នាក់ នៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈនេះ មានរយៈពេលជិត៦០ម៉ោង បន្ទាប់ពីបំណាក់ដី បានវាយប្រហារលើភូមិរុករករ៉ែមាសមួយកន្លែងនៅភាគខាងត្បូងប្រទេសហ្វីលីពីន ត្រូវបានសាទរថា ជា «អព្ភូតហេតុ» បន្ទាប់ពីក្រុមអ្នកស្វែងរក បានបោះបង់ចោលក្តីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត។

ក្មេងស្រីម្នាក់ ដែលអាយុមិនត្រូវបានគេបង្ហាញឱ្យដឹង ស្ថិតក្នុងចំណោមមនុស្សជាង ១០០នាក់ ដែលបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់បង្កឲ្យមានបំណាក់ដីនៅក្នុងភូមិ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១១ នាក់ស្លាប់។
មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយ ខេត្ត ដាវ៉ៅ ដេ អូរ៉ូ (Davao de Oro) បានប្រាប់សារព័ត៌មាន AFP ថា ក្មេងស្រីម្នាក់ ត្រូវបានគេរកឃើញ ខណៈអ្នកជួយសង្គ្រោះបានប្រើដៃទទេ និងប៉ែល ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងភូមិ ម៉ាសារ៉ា(Masara) នៅលើកោះ មីនដាណាវ(Mindanao) ភាគខាងត្បូង។

មន្ត្រីនិយាយថា «វាជាអព្ភូតហេតុមួយ» ដែលអ្នកស្វែងរកជឿថា អ្នកបាត់ខ្លួនប្រហែលជាស្លាប់ទាំងអស់។ នោះ បានផ្តល់ក្តីសង្ឃឹមដល់ក្រុមអ្នកជួយសង្គ្រោះ។ ជាធម្មតា ភាពធន់របស់កុមារគឺតិចជាងមនុស្សពេញវ័យ ប៉ុន្តែក្មេងស្រីរូបនេះ នៅរស់រានមានជីវិត។
មន្ត្រីនិយាយថា យើងអាចឃើញនៅលើការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្មេងស្រីនេះ ពុំមានរបួសដែលអាចមើលឃើញនោះទេ។ ឪពុករបស់ក្មេងស្រី បានឃើញកូនរបស់គាត់មុនពេលនាងត្រូវបានគេនាំទៅកាន់មណ្ឌលសុខភាពដើម្បីពិនិត្យ។ បំណាក់ដី បានវាយប្រហារកាលពីយប់ថ្ងៃអង្គារ បានបំផ្លាញលំនៅឋាន និងបំផ្លាញរថយន្តក្រុងចំនួនបីគ្រឿង និងរថយន្ត ដែលកំពុងរង់ចាំទទួលកម្មករពីអណ្តូងរ៉ែមាស។ តួលេខផ្លូវការបង្ហាញថា យ៉ាងហោចណាស់មនុស្ស ១១ នាក់បានស្លាប់ និង ៣១ នាក់រងរបួស ខណៈជាងមួយរយនាក់កំពុងបាត់ខ្លួននៅឡើយ។
ក្រុមអ្នកស្វែងរកកំពុងស្វែងរកទាំងយប់ទាំងថ្ងៃអ្នកផ្សេងទៀតដែលអាចនៅរស់ក្នុងដីល្បប់ ខណៈភ្លៀងធ្លាក់មកលើតំបន់ នៅថ្ងៃសុក្រនេះ។