សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងខេត្តកណ្ដាល បានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការចូលរួមការបោះឆ្នោតព្រឹទ្ធសភា សម្រាប់អាណត្តិទី៥ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានឈរឈ្មោះជាបេក្ខភាព។
ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទោះមិនមែនជាការបោះឆ្នោតសកលក៏ដោយ ប៉ុន្តែក៏ជាការបោះឆ្នោតដ៏មានសារៈសំខាន់ នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ។
ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំឈើទាលបានបន្តថា សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៥នេះ សម្ដេចតេជោ ហ៊ុន សែន បានឈរឈ្មោះជាបេក្ខភាពប្រធានព្រឹទ្ធសភា ដែលនេះពិតជាសាកសម ពីព្រោះសម្ដេចតេជោមានគុណបំណាច់ធំធេងណាស់សម្រាប់ប្រទេសជាតិ។
សូមបញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន៤បានចូលរួមប្រកួតប្រជែង ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ខណៈការបោះឆ្នោតអសកលនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
គួររំលឹកថា ព្រឹទ្ធសភា មានតួនាទីសំខាន់ៗចំនួន ក្នុងនោះមានមុខងារ ការពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់, មានមុខងារតាមដានការអនុវត្តច្បាប់ ហើយព្រឹទ្ធសភាមានគណៈកម្មការចំនួន១០ ដែលបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន។ សមាជិកព្រឹទ្ធសភា ជាតំណាងរបស់ប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែតំណាងប្រជាជនសម្រាប់ភូមិភាគរបស់ខ្លួននោះទេ និងមានមុខងារក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម៕ អត្ថបទ៖ បាន សុខរិទ្ធិ
