ខេត្តពោធិ៍សាត់ ៖ នាយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការស្តីទី និងដោយមានការចូលរួមសម្របសម្រួលពី ឯកឧត្តម គ្រី សីហា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តពោធិ៍សាត់ បានដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ត្រួតពិនិត្យទៅលើអ្នកបើកបរយានយន្ត នៅម្តុំលូ៨ ស្ថិតក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ។ ការចុះអនុវត្តន៍នេះ គឺស្របតាមអនុសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱ្យសមត្ថកិច្ចជំនាញរឹតបន្តឹងត្រួតពិនិត្យច្បាប់ចរាចរណ៍ ស្វែងរកជាតិស្រវឹង និងសារធាតុញៀន ទៅលើអ្នកបើកបរយានយន្ត ដើម្បីកាត់បន្ថយអត្រារបួស និងស្លាប់ ។

ជាលទ្ធផល ធ្វើការត្រួពិនិត្យរថយន្តសរុបចំនួន៦៥គ្រឿង ក្នុងនោះរថយន្តតូច៥៣គ្រឿង រថយន្តធំ ១២គ្រឿង ដោយធ្វើការអប់រំរថយន្តធំ១គ្រឿង ធ្វើការកែតម្រូវដោះភ្លើងបំពាក់ខុសបច្ចេកទេសរថយន្តតូចធំចំនួន ៧គ្រឿង ធ្វើការផាកពិន័យអ្នកបើកបររថយន្ត និងម៉ូតូក្នុងស្ថានភាពស្រវឹងលើសជាតិអាកុលចំនួន៤នាក់ និងឃាត់ម៉ូតូ១គ្រឿង។ ហើយកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់នឹងធ្វើ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ជាបន្តបន្តបន្ទាប់ទៀត ទាំងនៅទីប្រជុំជនខេត្ត និងតាមបណ្តាលក្រុង-ស្រុកទាំង៧៕ អត្ថបទ៖ ភិរុណ ពៅ







