ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានទទួលជួបគណៈប្រតិភូសមាជិកសភា នៃបណ្តាប្រទេសតំបន់ន័រឌិក (Nordic countries) ដើម្បីសម្តែងការគួរសម និងបញ្ជាក់ពីការគាំទ្រអំពីវឌ្ឍនភាពដ៏ល្អប្រសើរគួរកត់សម្កាល់ នៃវិស័យសុខាភិបាលកម្ពុជា។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ប្រតិភូសមាជិកសភា នៃបណ្តាប្រទេសតំបន់ Nordic រួមមានប្រទេស ដាណឺម៉ាក ស៊ុយអែត ន័រវេស ក៏ដូចជាបណ្តាដៃគូសុខាភិបាលដែលបានអញ្ជើញចូលជួបសម្តែងការគួរសមនេះ ចូលរួមសាទរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្នុងប៉ុន្មានថ្ងៃកន្លងមកនេះក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូននូវស្ថានភាពសុខាភិបាលនៅប្រទេសកម្ពុជា ដោយលើកអំពីប្រវត្តិសាស្ត្រនៃភាពជូរចត់ដែលបណ្តាលមកពីសង្គ្រាមរ៉ាំរ៉ៃ បំផ្លាញស្ទើរទាំងស្រុង ទាំងរចនាសម្ព័ន្ធ និងធនធានសុខាភិបាល (មនុស្ស) កត្តាប្រឈម និងផលលំបាកជាបន្តបន្ទាប់ រហូតសម្រេចបានវឌ្ឍនភាពនៃការស្តារប្រព័ន្ធសុខាភិបាលអោយបានគាប់ប្រសើរ និងកាន់តែឆ្លើយតបបានទៅនឹងតម្រូវការប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា ដំណើរទស្សនកិច្ចចុះពិនិត្យស្វែងយល់ដោយផ្ទាល់នៃប្រតិភូ ទៅក្នុងតំបន់ឆ្ងាយៗ ពិតជាបានឆ្លុះបញ្ជាំងពីតថភាពពិតប្រាកដនៃការខិតខំប្តូរផ្តាច់នៃមន្ត្រីសុខាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលពាក់ពន្ធ័ ក្នុងការអនុវត្តន៍ និងការសម្រេចបាននូវជោគជ័យជាបន្តបន្ទាប់ក្នុងកាតព្វកិច្វ និងបេសកកម្មរបស់ខ្លួន។
លោកស្រី Ms Astrid Krag KRISTENSEN តំណាងគណៈប្រតិភូបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់ឱកាសជូនគណៈប្រតិភូឱ្យបានឃើញផ្ទាល់អំពីប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ និងប្រសិទ្ធិភាពការផ្តល់សេវាសុខាភិបាលដល់មូលដ្ឋាន ដែលនេះជាការរៀនសូត្រផ្លាស់ប្តូរបទពិសោធន៍ការងារ។

លោកស្រីតំណាងគណៈប្រតិភូ បានថ្លែងអំណរគុណ និងកោតសរសើរសាជាថ្មីចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជាពិសេសចំពោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ហើយលោកស្រី ព្រមទាំងសមាជិក សមាជិកា ផ្សេងទៀត នៃគណៈប្រតិភូទាំងអស់គ្នា នឹងបន្តចូលរួមចំណែកគាំទ្រ ក្នុងភាពជាដៃគូ ក៏ដូចជាផ្តល់នូវជំនួយទាំងសម្ភារៈ និងស្មារតី ដើម្បីធ្វើឱ្យវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ឆ្ពោះទៅរកគោលដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងភាពជាដៃគូ ក្នុងការលើកកម្ពស់សុខភាពប្រជាជន៕ អត្ថបទ៖ រដ្ឋា
