សារព័ត៌មាន CBC News បានរាយការណ៍ថា រដ្ឋាភិបាលកាណាដា មិនបានឃើញភ័ស្តុតាងណាមួយដែលគាំទ្រការអះអាងរបស់អ៊ីស្រាអែលដែលថា បុគ្គលិកដែលជួលដោយទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ (UNRWA) បានឃុបឃិតជាមួយក្រុមហាម៉ាស មុនពេលផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារនេះនោះទេ។

ប្រភពរដ្ឋាភិបាលប្រាប់សារព័ត៌មាន CBCថា អ៊ីស្រាអែល នៅតែមិនទាន់ចែករំលែកភ័ស្តុតាងជាមួយកាណាដា ដើម្បីបញ្ជាក់ការអះអាងរបស់ខ្លួនដែលថា បុគ្គលិក ១២នាក់របស់UNRWA បានជាប់ពាក់ព័ន្ធក្នុងសមត្ថភាពមួយចំនួន ក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែលដោយក្រុមហាម៉ាស និងក្រុមជីហាដ អ៊ីស្លាម។

មនុស្សប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ក្នុងអំឡុងពេលនៃការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាស រួមទាំងជនជាតិកាណាដាមួយចំនួនផង ដែរ។ មន្ត្រីអ៊ីស្រាអែល បាននិយាយថា មនុស្ស ២៥៣ នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ថ្នូរ ខណៈប្រហែល ១៣០ នាក់ មិនទាន់ត្រឡប់មកផ្ទះវិញនោះ។

មន្ត្រីប៉ាឡេស្ទីន បាននិយាយថា មនុស្សជាង ២៧.០០ នាក់ ត្រូវបានសម្លាប់នៅក្នុងការឆ្លើយតបរបស់យោធាអ៊ីស្រាអែលចំពោះការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាស។
សារព័ត៌មាន Channel Four News របស់ចក្រភពអង់គ្លេស នៅដើមសប្តាហ៍នេះ បានទទួលច្បាប់ចម្លងនៃឯកសារដែលរដ្ឋាភិបាលអ៊ីស្រាអែល បានចែករំលែកជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលបានកាត់បន្ថយការផ្តល់មូលនិធិដល់UNRWAផងដែរ។