ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោកស្រី វេជ្ជបណ្ឌិត Laurence Baril នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។
ក្នុងជំនួបពិភាក្សាការងារខាងលើនេះ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ជូនថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាដៃគូដ៏យូរអង្វែងដែលបានជួយឧបត្ថម្ភគាំទ្រប្រទេសកម្ពុជា ទាំងការអភិវឌ្ឍស្ថាប័នផ្នែកមន្ទីរពិសោធន៍ និងការអភិវឌ្ឍធនធានមនុស្ស។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងស្នើសុំឲ្យបន្តសហការ និងគាំទ្រវិស័យសុខាភិបាលកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវវិទ្យាសាស្រ្ត ផ្នែកជំងឺឆ្លង៕



