
លោក Donald Trump បានឈ្នះការបោះឆ្នោតការតែងតាំងតំណែងប្រធានាធិបតីពីគណបក្សសាធារណរដ្ឋនៅរដ្ឋ Nevada និងប្រជុំកោះ Virgin របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែកុម្ភៈ) ដោយលទ្ធផលនេះធ្វើឲ្យលោកខិតកាន់តែជិត ក្នុងការបានក្លាយជាអ្នកតំណាងឲ្យគណបក្សឆ្ពោះទៅកាន់សេតវិមាន និងទំនងជាប្រកួតប្រជែងការបោះឆ្នោតសកលឡើងវិញជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងខែវិច្ឆិកា។
លោក Trump ដែលជាអ្នកនាំមុខគេ ក្នុងការប្រជែងការតែងតាំងក្នុងគណបក្សរបស់លោក គឺជាបេក្ខជនដ៏សំខាន់តែមួយគត់ដែលប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរបស់រដ្ឋ Nevada ហើយត្រៀមនឹងទទួលបានសំឡេងគណៈប្រតិភូចំនួន២៦ របស់រដ្ឋនេះ នៅសន្និបាតជ្រើសរើសរបស់គណបក្ស ក្នុងខែកក្កដា បន្ទាប់ពីត្រូវបានព្យាករថា ជាអ្នកទទួលបានជ័យជម្នះ កាលពីយប់ថ្ងៃព្រហស្បតិ៍ដោយស្ថាប័នស្រាវជ្រាវ Edison Research។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក Trump បានឈ្នះការបោះឆ្នោតយ៉ាងស្រួល នៅប្រជុំកោះ Virgin របស់សហរដ្ឋអាមេរិក ដោយបានបន្ថែមសំឡេងចំនួន ៤ទៀតទៅក្នុងតំណាងគណៈប្រតិភូរបស់លោក។ អតីតប្រធានាធិបតីអាមេរិករូបនេះ បានឈ្នះ ១៨២សំឡេង ឬ ៧៤ភាគរយនៃសន្លឹកឆ្នោត ២៤៦សំឡេង ដែលត្រូវបានបោះឆ្នោតនៅទីនោះ ដោយបានយកឈ្នះគូប្រជែងនៅសេសសល់ចុងក្រោយរបស់លោក នៅក្នុងការប្រជែងការតែងតាំងរបស់គណបក្សសាធារណរដ្ឋ គឺលោកស្រី Nikki Haley ដែលបានទទួលការគាំទ្រ ២៦ភាគរយជាមួយនឹងសំឡេងឆ្នោត ៦៤សំឡេង។
ការបោះឆ្នោតជ្រើសរើសនៅរដ្ឋ Nevada ដែលរៀបចំដោយគណបក្សសាធារណៈរដ្ឋនៅរដ្ឋ Nevada ដែលជាមិត្តរបស់ Trump បានកើតឡើង ២ថ្ងៃបន្ទាប់ពីការបោះឆ្នោតបឋមដែលគ្រប់គ្រងដោយរដ្ឋ ដែលបានឃើញនូវការបរាជ័យដ៏អាម៉ាស់សម្រាប់លោកស្រី Haley៕