
ដោយដកស្រង់សម្តីរបស់បុគ្គលដែលដឹងអំពីបញ្ហា ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែកុម្ភៈ) ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden កំពុងពិចារណារឹតបន្តឹងលើការនាំចូល «រថយន្តឆ្លាតវៃ» របស់ប្រទេសចិន និងសមាសធាតុពាក់ព័ន្ធ ចំពេលមានការកើនឡើងនូវការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីសុវត្ថិភាពទិន្នន័យ។
របាយការណ៍នេះបានឲ្យដឹងថា វិធានការនេះក៏នឹងអនុវត្តចំពោះរថយន្តអគ្គិសនី និងគ្រឿងបន្លាស់ដែលមានប្រភពមកពីប្រទេសចិនផងដែរ មិនថាពួកគេប្រមូលផ្តុំនៅទីណានោះទេ ក្នុងគោលបំណងរារាំងក្រុមហ៊ុនផលិតរថយន្តចិនមិនឲ្យចរាចររថយន្ត និងគ្រឿងបន្លាស់ចូលទៅក្នុងសហរដ្ឋអាមេរិកតាមរយៈប្រទេសទី៣ ដូចជាម៉ិកស៊ិកជាដើម។
សារព័ត៌មាន Bloomberg បានបន្ថែមថា វិធានការនេះក៏អាចអនុវត្តចំពោះប្រទេសផ្សេងទៀតផងដែរ ដែលសហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីទិន្នន័យ។ យោងតាមរបាយការណ៍នេះ មន្ត្រីអាមេរិកមានការព្រួយបារម្ភជាពិសេសចំពោះទិន្នន័យដែលប្រមូលបានដោយរថយន្តឆ្លាតវៃ ក្នុងនោះរួមទាំងរថយន្ត EV និងប្រភេទផ្សេងទៀតនៃរថយន្តដែលតភ្ជាប់ និងស្វយ័ត៕