
នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែកុម្ភៈ) ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា អាចនឹងមានការដោះលែងចំពោះអ្នកសារព័ត៌មាន Wall Street Journal (WSJ) លោក Evan Gershkovich ដែលកំពុងរង់ចាំការកាត់ទោសពីបទចារកម្ម ជាថ្នូរនឹងអ្នកទោសរុស្ស៊ី។
អំឡុងនិយាយទៅកាន់ពិធីករទូរទស្សន៍របស់សហរដ្ឋអាមេរិក លោក Tucker Carlson លោក Putin បានប្រាប់ថា សេវាកម្មពិសេសរបស់រុស្ស៊ី និងអាមេរិក កំពុងពិភាក្សាអំពីករណីនេះ ហើយបានដំណើរការខ្លះៗហើយដែរ។ លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានលើកឡើងថា ជាការដោះដូរគ្នា ទីក្រុងមូស្គូចង់ឲ្យប្រទេសអាល្លឺម៉ង់ដោះលែងលោក Vadim Krasikov ដែលត្រូវបានកាត់ទោសពីបទឃាតកម្មឆ្នាំ២០១៩ លើអ្នកប្រឆាំង Chechen (ឆេឆេន) នៅទីក្រុងប៊ែរឡាំង។
សូមរំលឹកថា លោក Gershkovich ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងYekaterinburg ហើយត្រូវបានចោទប្រកាន់ពីបទព្យាយាមយកព័ត៌មានសម្ងាត់ផ្នែកការពារជាតិ។ លោក និងសារព័ត៌មានរបស់ខ្លួន បានច្រានចោលការចោទប្រកាន់នេះយ៉ាងដាច់អហង្កា ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាត់ទុកថា លោកត្រូវបានឃុំខ្លួនដោយខុសច្បាប់។
លោក Putin បាននិយាយថា៖«យើងមានឆន្ទៈក្នុងការដោះស្រាយបញ្ហានេះ ប៉ុន្តែមានលក្ខខណ្ឌមួយចំនួន កំពុងត្រូវបានពិភាក្សាតាមរយៈបណ្តាញសេវាកម្មពិសេស។ ខ្ញុំជឿថា កិច្ចព្រមព្រៀងមួយ អាចឈានដល់»៕