
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ី «មិនបានសំរេចគោលដៅរបស់ខ្លួន» ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន ហើយក៏បានលើកឡើងផងដែរថា រុស្ស៊ីត្រូវបានបង្ខំចិត្តយកតំបន់គ្រីម៉េ នៅក្រោមការការពាររបស់ខ្លួន នៅក្នុងឆ្នាំ ២០១៤ ។
និយាយអំពីសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន លោកពូទីន បាននិយាយថា ប្រទេសរុស្ស៊ី មិនទាន់បានសម្រេចបាននូវគោលដៅនៃប្រតិបត្តិការយោធាពិសេស«ដែលជាសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន ហើយក្នុងចំណោមកិច្ចប្រតិបត្តិការនោះ គឺមានការលុបបំបាត់ណាហ្ស៊ីនិយម ពោលគឺហាមមិនឲ្យគ្រប់ចលនាណាហ្ស៊ី និយម»។
ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បានបញ្ជាក់ដែរថា «អ៊ុយក្រែនបានចាប់ផ្តើមសង្រ្គាមនេះ ហើយគោលដៅរបស់រុស្ស៊ី គឺបញ្ឈប់វា»។
ទាក់ទិននឹងសំណួរនៃការកាន់កាប់តំបន់គ្រីម៉េរបស់រុស្ស៊ី លោក ទុកគឺ ខាលសុន ( Tucker Carlson)បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនប្រគល់គ្រីម៉េទៅអ៊ុយក្រែនវិញទេ ដើម្បីជាប្រយោជន៍ដល់ការទទួលបានសន្តិភាព។
តំបន់គ្រីម៉េ បានស្ថិតនៅក្នុងកណ្តាប់ដៃរបស់រុស្ស៊ីរួចហើយនៅដើមសង្រ្គាមនេះ។ ដូច្នេះប្រសិនបើអ្នកពិតជាជឿថា លោកពូទីន ត្រូវតែបោះបង់ចោលគ្រីម៉េជាលក្ខខណ្ឌសម្រាប់ការទទួលបានសន្តិភាព នោះអ្នកពិតជាឆ្កួត។
នៅក្នុងបទសម្ភាសន៍ លោកពូទីន បានអះអាងថា រុស្ស៊ីក្នុងឆ្នាំ ២០១៤ ត្រូវបានបង្ខំចិត្តយកតំបន់គ្រីម៉េដាក់ នៅក្រោមការការពាររបស់ខ្លួន ពីព្រោះឧបទ្វីបនេះ កំពុងរងការគំរាមកំហែង។